យាយតាអាយុជាង៨០ឆ្នាំពីរនាក់ប្តីប្រពន្ធ សំណូមពរសម្តេច ហ៊ុន សែន ជួយរកយុត្តិធម៌ដីធ្លីលើវិវាទជាមួយ លោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុនអៀងគ្រុប អូសបន្លាយពេលជាង១០ឆ្នាំ

ខេត្តព្រះសីហនុ ៖ មនុស្សវ័យចំណាស់ពីរនាក់ប្តីប្រពន្ធ កំពុងទន្ទឹងរង់ចាំការផ្តល់យុត្តិធម៌ពីសាលាដំបូងខេត្តព្រះសីហនុ ក្នុងសំណុំរឿងវិវាទដីធ្លីជាមួយ លោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង គ្រុប ដែលមនុស្សវ័យចំណាស់ទាំងពីរនាក់ប្តីប្រពន្ធចោទថា បានរំលោភបំពានយកដី របស់ពួកគាត់ មានទីតាំងនៅតំបន់ ពយ យាយអ៊ី ស្ថិតក្នុងភូមិកែវផុស មានទំហំ ៥.២ហិកតា។

មានរូបរាងកាយស្គមស្គាំង និងពិការនៅតែលើរទេះផងនោះ លោកតាវ័យចំណាស់ជាប្តីមាន ឈ្មោះ នាង ឃិន អាយុ៨២ឆ្នាំ និងលោកយាយ ឈ្មោះ លាង យី អាយុ ៧៨ឆ្នាំ ទាំងពីរនាក់ប្តីប្រពន្ធ បានលើកដៃសំពះសំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីចម្ងាយតាមរយៈគេហទំពរ “កម្ពុជាថ្ងៃនេះ” ឬ www.camday.news សូមឲ្យសម្តេច ជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ជូនដល់ពួកគាត់ទាំងពីរនាក់ ដោយអនុគ្រោះផង ព្រោះសំណុំរឿងដីធ្លីនេះ បានជាប់គាំងនៅសាលាដំបូងខេត្តព្រះសីហនុ ជាង១០ឆ្នាំមកហើយ នៅឡើយមិនទាន់ជម្រះក្តីនៅឡើយ..។

មនុស្សវ័យចាស់ទាំងពីរនាក់ប្តីប្រពន្ធ បានឲ្យដឹងថា សំណុំរឿង របស់គាត់ បានស្ថិតក្នុងដៃសាលាដំបូងខេត្តព្រះសីហនុ អស់រយៈពេលជាង ១០ឆ្នាំកន្លងមកហើយៗ ហាក់មិនមានដំណោះស្រាយ អ្វីបន្តិចសោះ បើទោះជាបណ្តឹង របស់ពួកគាត់ មានឯកសារផ្លូវច្បាប់ស្តីពីសិទ្ធិ កាន់កាប់ដីធ្លីគ្រប់គ្រាន់យ៉ាងណាក៏ដោយ..។

ត្រង់ចំណុចនេះ លោកយាយ លោកតាពីរនាក់ប្តីប្រពន្ធ ចាត់ទុកថា គឺជារឿងអយុត្តិធម៌បំផុត សំរាប់ពួកគាត់ ដែលជាមនុស្សចាស់ជរាទៅហើយនោះ ប៉ុន្តែមិនទាន់ទទួលបានយុត្តិធម៌ដីធ្លី របស់គាត់មកគ្រប់គ្រងវិញនៅឡើយ។

លោកតាវ័យចំណាស់ជាប្តីមាន ឈ្មោះ នាង ឃិន អាយុ៨២ឆ្នាំ និងលោកយាយ ឈ្មោះ លាង យី អាយុ ៧៨ឆ្នាំ បច្ចុប្បន្ននេះទាំងពីរនាក់ប្តីប្រពន្ធ កំពុងមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ហើយបច្ចុប្បន្នរស់នៅភូមិលេខ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅក្រោមដំបូលខ្ទមចាស់ទ្រុឌទ្រោមប្រក់ស្លឹក បាំងក្តារ និងសំបកឈើ ដែលបានពុកផុយអស់ទៅហើយ..។

កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ លោកតាលោកយាយពីរនាក់ប្តីប្រពន្ធ បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា វិវាទដីធ្លី របស់គាត់ បានកើតឡើងតាំងពីឆ្នាំ២០០៨មកម៉្លេះ ហើយបើគិត មកដល់ឆ្នាំ២០២០នេះ គឺបានអូសបន្លាយពេលជាង១០ឆ្នាំមកហើយ។

មនុសវ័យចំណាស់ទាំងពីរ បានបញ្ជាក់ថា ចំពោះបណ្តឹងទាក់ទងទំនាស់ដីធ្លី របស់ពួកគាត់ ជាមួយលោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង គ្រុប មិនត្រូវបានសាលាដំបូងខេត្តព្រះសីហនុ លើកយកមកចាត់ការ ដើម្បីផ្តល់យុត្តិធម៌ ឲ្យពួកគាត់នោះទេ។ មនុស្សវ័យចំណាស់ទាំងពីរ មានចម្ងល់ថា ហេតុអ្វីបានជាមន្រ្តីអនុវត្តន៍ច្បាប់ នៃសាលាដំបូងខេត្តព្រះសីហនុ មិនព្រមលើកយកសំណុំរឿង របស់គាត់យកមកចាត់ការ ដើម្បីផ្តល់យិត្តិធម៌ជូនពួកគាត់ ឬមួយក៏មន្ត្រីតុលាការខេត្តព្រះសីហនុ ដែលកាន់សំណុំរឿងដីធ្លី របស់គាត់ មានគំនិតអ្វីផ្សេងនោះទេ..?។

មនុស្សវ័យចំណាស់ទាំងពីរនាក់ប្តីប្រពន្ធ បានចោទជាសំណួរថា តើកន្លងមកឈ្មោះ អៀង សុធារ៉ា គាត់បានទិញដីនោះ ពីបុគ្គលណា ហើយមានលិខិតលក់ទិញដែរ ឬ ទេ?។ លោកទាំងពីរ អះអាងទៀតថា ចំពោះប័ណ្ណសំគាល់កម្មសិទ្ធិចំនួន ១០ប័ណ្ណ របស់ឈ្មោះ អៀង សុធារ៉ា ចេញដោយមន្ត្រីសុរិយោដី ដែលធ្វើតាំងពីឆ្នាំ១៩៩៥ ត្រឹមត្រូវតាមនីតិវិធីសុរិយោដីដែរឬទេ? តើមន្ត្រីសុរិយាដី អាចចុះទៅវាស់វែងកើតទេ? កំណត់ព្រំដីបានទេ? អ្នកណាជាប់ព្រំអ្នកណា? បើសម័យនោះដីនៅចំណុចនោះគ្មានមនុស្សទៅរស់នៅផង គឺមានតែកម្លាំងអតីតខ្មែរក្រហម ដែលមិនទាន់ធ្វើសមហរណកម្ម និង កម្លាំងយោធាស្រុកស្ទឹងហាវតែប៉ុណ្ណោះ ដែលឈរជើងប្រចាំការប្រឈមមុខដោយអាវុធដាក់គ្នាស្ទើរជារៀងរាល់ថ្ងៃ។

ប្តីប្រពន្ធវ័យជរាទាំងពីរនាក់បន្តថា បញ្ហារនេះ លោក ស៊ិន សឿន អតីតមន្រ្តីភូមិបាលស្រុកស្ទឹងហាវក៏ធ្លាប់បានបញ្ជាក់ផងដែរថា រវាងដីលោក អៀង សុធារ៉ា និងដីលោកយាយ លោកតាទាំងពីរនាក់ប្តីប្រពន្ធ បើតាមការពិនិត្យចុះវាស់វែងជាក់ស្តែង មិនមានការពាក់ពន្ធ័គ្នាទេ គឺដីលោក អៀង សុធារ៉ា នៅផ្នែកខាងលើ ជាប់ព្រំប្រទល់ដី របស់លោកយាយលោកតាទាំងពីរនាក់នេះ។ រីឯដីលោកយាយ លោកតា គឺនៅជាប់ឆ្នេរសមុទ្រតែម្តង។

ផ្តើមពីបញ្ហានេះ លោកតា លោកយាយ ពីរនាក់ប្តីប្រពន្ធ ដែលមានវ័យជរា និងកំពុងមានជំងឺប្រចាំកាយរ៉ាំរ៉ៃផងនោះ ក៏បានលើកដៃសំពះ ទទូចសំណូមពរ ដល់ប្រធានសាលាដំបូងខេត្តព្រះសីហនុ ឲ្យជួយជម្រុញទៅមន្ត្រីតុលាការ ដែលកាន់សំណុំរឿងដីធ្លី របស់គាត់ សូមជួយពន្លឿនលើកយកសំណុំរឿងទំនាស់ដីធ្លី របស់គាត់ ជាមួយលោក អៀង សុធារ៉ា មកចាត់ការតាមនីតិវិធីឲ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម ជូនពួកគាត់ដោយអនុគ្រោះផង ព្រោះសំណុំរឿងនេះ បានអូសបន្លាយពេលជាង ១០ឆ្នាំមកហើយៗ បច្ចុប្បន្ននេះ ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ ក៏មានជំងឺប្រចាំកាយដើរមិនរួច ជិះតែនៅលើរទេះរុញ។

មនុស្សវ័យជរាខាងលើបន្តថា ពួកគាត់ចង់ឃើញការអនុវត្តន៍ច្បាប់ របស់សាលាដំបូងខេត្តព្រះសីហនុ ផ្តល់យុត្តិធម៌ជូនពួកគាត់ នៅក្នុងជីវិតចុងក្រោយ មុនពេលពួកគាត់ស្លាប់លាចាកពីភពផែនដីនេះ។

ទាក់ទិនសំណុំរឿងនេះ កន្លងមក លោក អៀង សុធារ៉ា ក៏ធ្លាប់អះអាងប្រាប់អ្នកសារព័ត៌មានថា ដីទំនាស់ខាងលើនេះ រូបលោកមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រឹមត្រូវ ហើយថា ចំពោះការគ្រប់គ្រង ក៏រូបលោកគ្រប់គ្រង តែនៅលើទីតាំងដី ដែលលោកមានប័ណ្ណកម្មសិទ្ធិតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោកតា នាង ឃិន និង លោកយាយ លាង ឃី គឺលោកទាំងពីរ សុទ្ធសឹងជាមនុស្សចាស់ជរា ហើយពួកគាត់បានអះអាងថា បានមករស់នៅ និងកាន់កាប់ដីធ្លី នៅចំណុចទំនាស់ខាងលើ តាំងពីឆ្នាំ១៩៨៦ សម័យនៅមានកម្លាំងខ្មែរក្រហមមកម្លេះ។ ហើយថា ដីខាងលើនេះ ត្រូវបាន លោក ទឹម យុន អតីតមេបញ្ជាការ យោធា ស្រុកស្ទឹងហាវ ជាអ្នកធ្វើការបែងចែកដីនេះឲ្យពួកគាត់ ព្រមទាំងមានការទទួលស្គាល់ ពីសំណាក់អាជ្ញាធរមូលដ្ឋានជំនាន់នោះថែមទៀតផងដែរ។

យាយតាទាំងពីរបន្តថា លុះក្រោយមកនៅក្នុងអំឡុងឆ្នាំ២០០៨ ក៏ស្រាប់តែលេចមុខក្រុមហ៊ុនលោក អៀង សុធារ៉ា បានមកអះអាងថា ពួកគាត់(យាយតា) បានមករស់នៅលើដី របស់គេទៅវិញ។ បន្ថែមលើនេះ ថែមទាំងបានប្រើប្រាស់កងកម្លាំងទ័ពចំនួនជាង ១០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ មកគំរាមកំហែងអាយុជីវិត និង បណ្តេញពួកគាត់ឲ្យចាកចេញពីដីនោះយ៉ាងអយុត្តិធម៌បំផុត។

ជាងនេះទៀត ក៏បានធ្វើការរុះរើផ្ទះសម្បែង និង ឈុសឆាយបំផ្លាញផលដំណាំដាំដុះ របស់ពួកគាត់មានដូចជា៖ ដើមដូង, ដើមស្វាយ, ដើមខ្នុរ, ដើមចេក និង ដំណាំហូបផ្លែផ្សេងៗជាច្រើនទៀត ចោលអស់គ្មានសល់។
ហើយបន្ទាប់មកទៀត ក៏បានប្រើប្រាស់កំលាំងកងទ័ពដាក់ឈរជើងនៅលើទីតាំងដីនោះ ដោយមិនឲ្យពួកគាត់ (យាយតា) ចេញចូលទីតាំងដី របស់ពួកគាត់ តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ។

យ៉ាងនេះក្តី គេហទំព័រ “កម្ពុជាថ្ងៃនេះ” ឬ www.camday.news នៅមិនទាន់អាចទាក់ទង ប្រធានសាលាដំបូងខេត្តព្រះសីហនុ ដើម្បីស្នើរបំភ្លឺទៅលើសំណុំរឿងដីធ្លី របស់លោកតា នាង ឃិន និង លោកយាយ លាង ឃី បានទេនៅល្ងាចថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង