ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈខ្យល់មូសុងនិរតីគ្របដណ្តប់ និងបោកបក់មកលើប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីអំពីស្ថានភាពអាកាសធាតុ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានបង្ហាញថា ការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុដែលបណ្តាលមកពីជ្រលងសម្ពាធទាប គួបផ្សំ នឹងខ្យល់មូសុងនិរតីបានគ្របដណ្តប់ និងបោកបក់ មកលើប្រទេសកម្ពុជាផងនោះបានបណ្តាឲ្យខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ។ ក្នុងនោះផ្នែកខ្លះនៃវាលទំនាបខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ច្រើនផងដែរ។

ដោយឡែក នៅតាមបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប​ឥ្ឍ​សាន នឹងមានភ្លៀងពីតិចទៅមធ្យម។ ចំណែកឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម។

ផ្តើមដោយស្ថានភាពធាតុអាកាសខាងលើ នេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន អំពីបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ជាពិសេសបណ្តាខេត្តនៅជួរភ្នំដងរែក និងតំបន់ទំនាបកណ្តាល ខណៈខ្យល់មូសុងនិរតីបានគ្របដណ្តប់ និងបោកបក់មកលើកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង