អាជ្ញាធរក្រុងព្រះសីហនុ ចុះចាប់យកសម្ភារៈអាជីវករលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅតាមឆ្នេរអូរឈើទាល២

ខេត្តព្រះសីហនុ៖ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយ មន្ត្រីមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយឆ្នេរអូរឈើទាល២ (អតីតអារីស្តុន) ដោយដកហូតយកសម្ភារៈលក់ដូរមួយចំនួនពីប្រជាពលរដ្ឋ ឬអាជីវករដែលលក់ដូរនៅទីតាំងខាងលើ ផ្ទុយពីគោលការណ៍ហាមឃាត់ របស់អាជ្ញាធរ ដែលទុកឆ្នេរនេះ ជាឆ្នេរសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូកមកកម្សាន្ត។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងថា សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺអាជ្ញាធរ បានដកហូតសម្ភារៈលក់ដូរមួយចំនួន យកទៅរក្សាទុកនៅសាលាក្រុង ក្រោមហេតុផលថា អ្នកលក់ដូរមួយចំនួននោះ ដាក់សម្ភារៈលក់ដូរ នៅតាមបណ្តោយឆ្នេរអូរឈើទាល២ គ្មានសណ្តាប់ធ្នាប់ និង ពង្រាយសំរាមតាមឆ្នេរ គ្មានការទទួលខុសត្រូវ។

ជាងនេះទៀត ពួកគាត់ថែមទាំងបានកាងយកទីតាំងឆ្នេរខាងលើ ធ្វើជាកន្លែងផ្តាច់មុខរៀងៗខ្លួន ខុសពីការណែនាំ របស់រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានកំណត់។

បច្ចុប្បន្ននេះ គេសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនបានស្នើសុំទៅអាជ្ញាធរ រដ្ឋបាលក្រុង-ខេត្តព្រះសីងនុ បានសូម្រយោគយល់ ដោយសុំអនុញ្ញាត ឲ្យមានកន្លែងលក់ដូរចំណីអាហារ នៅតាមឆ្នេរសាធារណៈនានា មានឆ្នេរអូរឈើទាល២ និងឆ្នេរអូរត្រេះជាដើម ក្រោយឃើញមានកំណើនទេសចរណ៍កើនឡើង ប៉ុន្តែអជ្ញាធរក្រុង និងខេត្តមិនអនុញ្ញាតឡើយ ដោយនៅរក្សាទុកជាឆ្នេរសាធារណៈ សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរចូលទៅលេងកម្សាន្ត៕

រូបថតបានពីសាលាក្រុងព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង