អគ្គនាយកដ្ឋានពន្ធដារកោះហៅ ឧកញ៉ា ស៊ី គង់ទ្រីវ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋរាប់សិបឆ្នាំកន្លងមកហើយ..!
រាជធានីភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអញ្ជើញ ឧកញ៉ា ស៊ី គង់ទ្រីវ ឲ្យចូលមកទូទាត់បំណុលពន្ធ ដែលក្រុមហ៊ុន របស់លោក បានជំពាក់រដ្ឋរាប់សិបឆ្នាំកន្លងមកនេះ។
យោងតាមលិខិតអញ្ជើញ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមហ៊ុនទាំង២នោះរួមមាន៖ ក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិច គ្រុប លីមីធីត ដែលមាន លោកឧកញ៉ា ស៊ី គង់ទ្រីវ ជាប្រធានក្រុមហ៊ុន។
លោក គង់ វិបុល អគ្គនាយកពន្ធដារ បានជម្រាបជូន លោកឧកញ៉ា ស៊ី គង់ទ្រីវ តាមងយៈលិខិតថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ច របស់អ្នកជាប់ពន្ធគ្រប់ៗរូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។
លោកអគ្គនាយកបន្តថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញ លោកឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុនមក ដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុន ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែឧកញ៉ារូបនេះ មិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធនៅឡើយទេ។
ផ្តើមពីបញ្ហានេះ លោក គង់ វិបុល រំលឹកដល់ លោកឧកញ៉ា ស៊ី គង់ទ្រីវ ត្រូវមកទូទាត់បំណុល តាមកាលបរិច្ឆេទ មិនឲ្យលើសពី១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ។
លោក គង់ វិបុល អអគ្គនាយកពន្ធដារ បានព្រមានថា ក្នុងករណី លោកឧកញ៉ា ស៊ី គង់ទ្រីវ គេចវេស ឬមិនបានអញ្ជើញមកតាមកាលកំណត់ទេ គឺ លិកឧកញ៉ាប្រធានក្រុមហ៊ុន ត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ , ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ។ ហើយថា អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជាធរមាន ហើយរាល់ការចំណាយផ្សេងៗ គឺជាបន្ទុក របស់លោកឧកញ៉ា ស៊ី គង់ទ្រីវ ដែលជាម្ចាស់ក្រុមហ៊ុន។
អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ផ្អែកលើស្មារតីទទួលខុសត្រូវ របស់ឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ៕

