ឯកអគ្គរាជទូតជប៉ុន ចាត់ទុកជំនួប រវាងលោក កឹម សុខា ជាមួយសម្តេច ហ៊ុន សែន ថានឹងអាចនាំលទ្ធផលវិជ្ជមាន សម្រាប់ប្រជាពលរដ្ឋខ្មែរ

រាជធានីភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ  កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ បានទទួលជួបជាមួយ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
នាគេហដ្ឋាន របស់លោក ក្នុងរាជធានីភ្នំពេញ។

ជំនួបពិភាក្សាគ្នា រវាង លោក កឹម សុខា ជាមួយ ឯកអគ្គរាជទូតជប៉ុន មានរយៈពេលជាង ០២ម៉ោង។

ជំនួបនេះដែរ លោក កឹម សុខា បានសរសេរសារផ្ញើតាមបណ្តាញសង្គមហ្វេសប៊ុក របស់លោកថា បានផ្លាស់ប្តូរទស្សនៈ និងស្វែងយល់គ្នាអំពីចំណងមិត្តភាពកម្ពុជា-ជប៉ុន , ដំណើរការប្រជាធិបតេយ្យ, វិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសអំពីផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងពេល និងក្រោយពេលការរីករាលដាល នៃជំងឺកូវីដ-១៩។

នាឱកាសនោះ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុន ក៏បានសំដែង នូវការស្វាគមន៍ពីជំនួបថ្មីៗនេះ រវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយ លោក កឹម សុខា។

លោក កឹម សុខា បញ្ជាក់បន្តថា លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុន សង្ឃឹមថា ជំនួប រវាងរូបលោក ជាមួយសម្តេច ហ៊ុន សែន ប៉ុន្មានសប្តាហ៍មុននេះ គឺជាជំនួប ដ៏មានសារសំខាន់ ហើយនឹងអាចនាំមក នូវលទ្ធផលជាវិជ្ជមាន សម្រាប់ប្រជាពលរដ្ឋខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង