លោក សែម បូរ៉ា អគ្គនាយក TNM ដាក់ពាក្យប្តឹងស្នងការខេត្តកំពង់ចាម និងបក្ខពួកទៅ សម្តេច ស ខេង ឲ្យចាត់ការមន្ត្រីខិលខូច

រាជធានីភ្នំពេញ៖ ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ សង្កេតឃើញមានអង្គភាពសារព័ត៌មានជាច្រើនស្ថាប័ន បានធ្វើបទសម្ភាសន៍ជាមួយ លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញ TNM អំពីការចាប់ខ្លួន របស់លោក ផ្តើមដោយមន្រ្តីនគរបាលខេត្តកំពង់ចាម ដែលមានភាពមិនប្រក្រតី ចំពោះ លោក សែម បូរ៉ា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ទាក់ទិនបញ្ហានេះ តាមប្រភពពីមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពាក្យបណ្តឹង របស់ លោក សែម បូរ៉ា បានចូលដល់ក្រសួងមហាផ្ទៃ នៃអគ្គលេខាធិការដ្ឋាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះរួចហើយ។

ពាក្យបណ្តឹងនោះ លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញ TNM បានប្តឹងមន្រ្តី​នគរបាលមានឋានៈជាស្នងការ, អធិការ និងមន្ត្រីនគរបាលមួយចំនួនទៀត នៅខេត្តកំពង់ចាម សរុបមានចំនួន ០៧នាក់ រួមមាន៖

១- លោក ឯម កុសល ឋានៈឧត្តមសេនីយទោ តួនាទីជាស្នងការនគរបាលខេត្តកំពង់ចាម

២- លោក ថាញ់ សុខវុន ឋានៈវរសេនីយទោ តួនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

៣- លោក រី ប៉ូ ឋានៈវរសេនីយត្រី តួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

៤- លោក ភូ យូរ៉ា ឋានៈវរសេនីយត្រី តួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

៥- លោក ដួង ញ៉ា ឋានៈវរសេនីយត្រី តួនាទីជាអធិការរងផ្នែកព្រហ្មទណ្ឌកម្រិតស្រាល

៦- លោក អន សុវណ្ណារ៉ា ឋានៈអនុសេនីយទោ តួនាទីជានាយរងផ្នែកព្រហ្មទណ្ឌកម្រិតស្រាល

៧- លោក យង់ ពន្លឺ ឋានៈវរសេនីយត្រី តួនាទីជាមន្រ្តីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

គួររំលឹកថា នៅមុនការចាប់ខ្លួនលោក សែម បូរ៉ា ពោលគឺកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក រី ប៉ូ ជាមន្រ្តីនគរបាល បានហៅទូរស័ព្ទទៅ លោក សែម បូរ៉ា ឲ្យទៅជួបរូបលោក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដើម្បីជួយសម្រួល និងបំភ្លឺដល់ប្រជាពលរដ្ឋនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ លើករណីទិញលក់ដីធ្លី ប៉ុន្តែក្រោយបានសួរនាំ លោក សែម បូរ៉ា រួចហើយ ក៏ស្រាប់តែលិក រី ប៉ូ បានឲ្យកម្លាំងនគរបាលចាប់ខ្លួន លោក សែម បូរ៉ា វ៉ៃខ្នោះដោយគ្មានដីកាពីតុលាការនោះទេ។

ជាងនេះទៀត លោក រី ប៉ូ ឋានៈវរសេនីយត្រី តួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក៏បានទាក់ទងទៅ លោក ទេព ភារម្យ និងបក្ខពួកទិញដី ឲ្យមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ ដោយមាន លោក យង់ ពន្លឺ ឋានៈវរសេនីយត្រី តួនាទីជាមន្រ្តីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ជាអ្នកសរសេរពាក្យបណ្តឺងនៅលើកុំព្យូទ័រ របស់លោក ឲ្យ លោក ទេព ភារម្យ នៅនឹងមុខ លោក សែម បូរ៉ា ឬអាចនិយាយបានថា ជាការបំពេញកិច្ច ឬចាប់មនុស្សហើយ ទើបធ្វើពាក្យបណ្តឺងជាក្រោយ..។

ត្រង់ចំណុចនេះ ក៏មានចម្ងល់ពីមហាជនផងដែរ ចំពោះការចាប់ខ្លួននេះ ថាតើជាបទល្មើសជាក់ស្តែង ឬយ៉ាងណា..?

យ៉ាងណាក៏ដោយចុះ សំណុំរឿងនេះ ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់បានផ្តល់យុត្តិធម៌ជូន លោក សែម បូរ៉ា កាលពីចុងខែមករាឆ្នាំ២០២០នេះ ក្រោយពេល លោក សែម បូរ៉ា បានរងការឈឺចាប់អូសបន្លាយពេលជិត ០២ឆ្នាំ។

សំណុំរឿងនេះដែរ លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញ TNM បញ្ជាក់ថា នៅចុងក្រោយនេះ លោកបានសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយផ្តល់យុត្តិធម៌ និងអនុវត្តច្បាប់ទៅលើមន្រ្តីនគរបាលក្រោមឱវាទ របស់ក្រសួងមហាផ្ទៃទាំង ០៧រូប ដូចមានឈ្មោះក្នុងពាក្យបណ្តឹង ដែលបានប្រព្រឹត្តទង្វើមិនប្រក្រតី ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ និងកិត្តិយសសង្គមជាតិ ប្រយោជន៍ដើម្បីទប់ស្កាត់កុំឲ្យកើតមានបទល្មើសដូចករណីខាងលើនេះជាថ្មីទៀតព្រោះអាចនាំឲ្យបាត់បង់នូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ។

យ៉ាងណាក៏ដោយចុះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” ឬហៅកាត់ www.camday.news នៅមិនទាន់អាចទាក់ទង លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមន្ត្រីនគរបាលចំនួន ០៦រូបផ្សេងទៀត ដែលត្រូវ លោក សែម បូរ៉ា ដាក់ពាក្យបណ្តឹងទៅសម្តេចក្រឡាម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ បាននៅឡើយទេតាមទូរស័ព្ទ នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ៕

ប្រភព៖ TNM

អត្ថបទដែលជាប់ទាក់ទង