អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) មានមេបាពូជអណ្តើកហ្លួង២០៤ក្បាល និង ភ្ញាស់កូនបាន ៤៥៦ក្បាល

ខេត្តកោះកុង៖ ព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមជាមួយ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល និងមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យមកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) មានទីតាំងនៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលស៊ីម៉ា ខេត្តកោះកុង។

នាឱកាសនោះ លោក អិត ហ៊ុល អ្នកបច្ចេកទេសចិញ្ចឹមអណ្តើកហ្លួង បានឲ្យដឹងថា មណ្ឌលនេះ គឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល ប្រមូលដណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស..។ លោកបន្តថា គម្រោងខាងលើនេះ ចាប់ដំណើការក្នុងឆ្នាំ២០០១ ដោយទទួលបានការឧបត្ថមថវិកា និងបច្ចេកទេសពីអង្កការ WCS និងបានធ្វើការវិវឌ្ឍន៍ជាបន្តបន្ទាប់។

លោក អិត ហ៊ុល បញ្ជាក់ថា បច្ចុប្បន្នកសិដ្ឋាននេះ មានមេបាពូជចំនួន ២០៤ក្បាល។ ហើយថា អណ្តើកហ្លូងនេះ វាជាប្រភេទសត្វកម្រ និងជិតផុតពូជ (គ្រប់គ្រងដោយអនុសញ្ញាសាយតេស្ត យ៉ាងម៉ឺងម៉ាត់ ហាមធ្វើការជួញដូរ)។

លោកបន្តថា បច្ចុប្បន្នក្នុងប្រទេសកម្ពុជា សត្វអណ្តើកហ្លួងនេះ នៅលើពិភពលោកមានតែនៅ៖ ប្រទេសឥណ្ឌា, ម៉ាឡេស៊ី, បង់ក្លាដេស និងកម្ពុជា។ ហើយថា នៅកម្ពុជា គឺមានតែនៅខេត្តកោះកុងមួយទេ ដែលមានលក្ខណ:បរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់ពងកូន ល្អប្រសើរសម្រាប់សត្វប្រភេទនេះរស់នៅបន្តពូជបាន។

លោក អិត ហ៊ុល អ្នកបច្ចេកទេសចិញ្ចឹមអណ្តើកហ្លួង បញ្ជាក់ថា មកទល់បច្ចុប្បន្ន កសិដ្ឋាននេះ បានភ្ញាស់កូនអណ្តើកហ្លួង បាន ៤៥៦ក្បាល ដោយដាក់ថែរក្សាក្នុងមណ្ឌលអភិរក្ស ២០៤ក្បាល , ចិញ្ចឹមថែរក្សាក្នុងមណ្ឌលខេត្តសៀម រាប ២៧ក្បាល, លែងចូលក្នុងព្រែកធម្មជាតិដោយបំពាក់ឧបករណ៍តាមដានចំនួន ៨៦ក្បាល និងចំនួន ១៣៩ក្បាលទៀត បានលែងចូលតាមបឹង ព្រែកធម្មជាតិ។

នាឱកាសនោះដែរ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកហ្លួង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្រ្តនៃដឹកដីខេត្តកោះកុង។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានស្នើសុំឱ្យរដ្ឋបាលជលផល និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម បញ្ជូនមន្រ្តី និងនិស្សិតមកសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ក្នុងបំណងលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ បង្កាត់ពូជ ចំណី ក្សេត្របរិស្ថាន នៃជីវិតរស់នៅ និងអភិរក្ស ដើម្បីបង្កើនចំនួនកូនញាស់ សម្រាប់យកទៅលែងក្នុងបឹង ព្រែក និងដៃសមុទ្រធម្មជាតិ។

ជាងនេះទៀត លោក វេង សាខុន បានណែនាំឱ្យ រដ្ឋបាលជលផលសហការជាមួយអង្គការដើម្បីរៀបចំចងក្រងឯកសារផ្លូវច្បាប់ ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លួង ដែលជាប្រភេទសត្វកម្រៀតផុតពូជនេះ ឱ្យបានគង់វង្សតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង