លោក វេង សាខុន ចុះវាយតម្លៃអំពីការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផលសម្រាប់នាំចេញ របស់ក្រុម Greenrich group នៅខេត្តកោះកុង

ខេត្តកោះកុង៖ កាលពីថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយមន្ត្រីស្ថាប័នពាក់ព័ន្ធដទៃទៀត បានចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព នៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផលសម្រាប់នាំចេញ របស់ក្រុម Greenrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០២០០ហិកតា ក្នុងឆ្នាំ១៩៩៨ ដែលមានទីតាំងស្ថិតនៅតំបន់ទ្រនាប់ឧទ្យានជាតិបុទុមសាគរ ស្រុកកោះកុង។

នាឱកាសនោះ លោក រតនា តំណាងឱ្យក្រុមហ៊ុន Greenrich group Co., Ltd បានរាយបាយការណ៍ជូនលោករដ្ឋមន្រ្តី វេង សាខុន ថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែលជាក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ០១ នៅអាស៊ី និងជាក្រុមហ៊ុន ០១ ក្នុងចំណោម ១០ក្រុមហ៊ុន ដែលផលិតក្រដាសធំជាងគេលើពិភពលោក។

តំណាងក្រុមហ៊ុនបន្តថា ក្រុមហ៊ុន Greenrich group Co., Ltd បានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ចចំនួន ១០ ០៧៧ហិកតា ក្នុងស្រុកត្រពាំងរូង ខេត្ត កោះកុង គឺ “ដាំដើមឈើផ្តល់ប្រយោជន៍ដល់បរិស្ថាន ផលិតក្រដាសផ្តល់ប្រយោជន៍ដល់មនុស្សលោក”។

លោក រតនា បន្តថា គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ក្រុមហ៊ុននេះ បានធ្វើការដាំដុះបានដើមឈើបាន ៥៨៧៧ហិកតា ដោយទទួលបានទិន្នផល ១៣៨តោន ក្នុង ០១ហិកតា សរុបមានឈើបរិមាណ ៨០ម៉ឺនតោន។

លោកបន្តទៀតថា កន្លងមកក្រុមហ៊ុន បាននាំចេញចំណិតឈើសរុបជាង ១១ម៉ឺនតោន (ឈើរបស់ក្រុមហ៊ុន និងឈើប្រមូលទិញពីចំការឯកជន)។ ក្នុងអំឡុងប្រតិបត្តិការ ក្រុមហ៊ុនត្រូវការពលកម្មចំនួន ២៥០០នាក់។

ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះ ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, សាលារៀន និងប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់បុគ្គលិក កម្មករ ក្នុងក្រុមហ៊ុនទាំងមូលផងដែរ។ ក្រៅពីសមិទ្ធផលដែលសម្រេចបាន ក្រុមហ៊ុន Greenrich group Co., Ltd ក៏កំពុងប្រឈមបញ្ហាមួយចំនួនដូចជា៖ ការកាប់ទន្ទ្រានដីយកជាកម្មសិទ្ធិ និងការធ្វើផ្លូវកាត់ដីក្រុមហ៊ុន។ ហើយថា ទិសដៅអនាគត ក្រុមហ៊ុន នឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សហការជាមួយអាជ្ញាធរខេត្តកោះកុង ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ ចាប់ផ្តើមប្រមូលផលឈើ និងដាំដុះឡើងវិញ ដើម្បីផ្តល់ប្រយោជន៍សម្រាប់សង្គម បរិស្ថាន និងសេដ្ឋកិច្ច និងជាពិសេសសហ ការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំផែនការដាំឈើក្នុងឆ្នាំ២០២០នេះ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានចុះជួបសំណេះសំណាលជាមួយក្រុមកម្មករចំនួន ១០០នាក់ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចប៊ុន រ៉ានី ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជូនបងប្អូនកម្មករ និងបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារ ដែលបម្រើការឱ្យក្រុមហ៊ុន និងនៅក្នុងស្រុកបុទុមសាគរ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ចៀសឱ្យឆ្ងាយពីជំងឺឆ្លងសកលកូវីដ-១៩ ទាំងអស់គ្នា។

ព្រមជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានរួមមានការដាំ និងប្រមូលផលក្នុងក្រុមហ៊ុន និងពីដៃគូដាំ ជាពិសេស បាននាំចេញចំណិតឈើ។ ដើមឈើអាកាស្យាមានការលូតលាស់ធំៗល្អ និងផ្តល់ផលជាបណ្តើរៗសម្រាប់សេដ្ឋកិច្ច ហើយនេះគឺជាការចង់បាន របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការ ដាំឈើឧស្សាហកម្មប្រយោជន៍បង្កើតគម្របព្រៃឈើ រក្សាលំនឹងបរិស្ថាន ទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម តាមរយ:ធ្វើការផ្គត់ឈើស្រស់ជាវត្ថុធាតុដើមឱ្យទៅរោងចក្រកែច្នៃគ្រឿងសង្ហារឹម និងវិស័យសំណង។

លោករដ្ឋមន្ត្រីបន្តថា ដោយសារឈើដាំ បានផ្តល់ប្រយោជន៍យ៉ាងច្រើនបែបនេះ លោករដ្ឋមន្រ្តី និងលោកស្រីអភិបាលខេត្តកោះកុង បានណែនាំឲ្យក្រុមហ៊ុន Greenrich group Co., Ltd ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ , មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពប្រមូលផល កែច្នៃ និងធ្វើការដាំដុះលើដី ដែលនៅសេសសល់ឱ្យគ្រប់តាមផែនការបានគ្រោងទុក។

លោករដ្ឋមន្ត្រីបន្តថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ក្នុងបំណងជួយលើកទឹកចិត្ត និងគាំទ្រលើការវិនិយោគរបស់ក្រុមហ៊ុន ប្រយោជន៍ ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ផលិត ផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល រក្សាបរិស្ថានក្នុងតំបន់នេះ និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។

ទន្ទឹមគ្នានេះ លោក វេង សាខុន ក៏បានស្នើឱ្យក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសារ របស់កម្មករ ដោយបង្កើតរបរកសិកម្មបន្ថែមដូចជា៖ ចិញ្ចឹមសត្វ និងដាំបន្លែដើម្បីផ្គត់ផ្គងជីវភាព។ ហើយថា ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ដើម្បីការពារដីព្រៃ និងទប់ស្កាត់ការរំលោភយកដីធ្វើជាកម្មសិទ្ធិ៕

អត្ថបទដែលជាប់ទាក់ទង