នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ហៅយានយន្ត ដែលមិនល្មើសច្បាប់ចរាចរណ៍សួររកឯកសារទៀតទេ

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់ស្នងការរាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវ ដើម្បីហៅយានយន្ត របស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើធ្វើដំណើរនៅលើដងផ្លូវមកសួរនាំរកឯកសារពាក់ព័ន្ធទៀតទេ បើសិនយានយន្តទាំងនោះមិនល្មើសច្បាប់ចរាចរណ៍នោះទេ។

តាមសារជាសំឡេង ដែលត្រូវបានគេចែកផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែឧសភានេះ លោក នេត សាវឿន បានដាក់បទបញ្ជាថា “ប្រសិនបើមានស្នងការនគរបាល រូបណាប្រព្រឹត្តទង្វើខុសពីបទបញ្ជាទៀត នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយខ្លួនឯង”។

បទបញ្ជាលោក នេត សាវឿន ខាងលើនេះ គឺបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរមួយចំនួនមិនពេញចិត្ត ចំពោះសកម្មភាព របស់មន្ត្រីនគរបាលចរាចរណ៍មួយចំនួន ដែលដាក់បារ៉ាស់នៅតាមដងផ្លូវ និងបានឃាត់រថយន្ត របស់ពួកគាត់កំពុងធ្វើដំណើរតាមផ្លូវ ទាំងរថយន្តទាំងនោះមិនមានបទល្មើសច្បាប់ចរាចរណ៍អ្វីសោះ។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យថ្មី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ប្រយោជន៍ដើម្បីកាត់បន្ថយការអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល ២៥ថ្ងៃ នៃការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺគិតចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ចំនួន ៣៦៧៩៩គ្រឿង ក្នុងនោះម៉ូតូ ២៦៧៨២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១០០១៧គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង