ក្រុមឆ្មាំសមុទ្រខេត្តព្រះសីហនុ បានបន្តធ្វើការហ្វឹកហាត់ពីរបៀបសង្គ្រោះបឋម មនុស្សលង់ទឹក

ខេត្តព្រះសីហនុ៖ ក្រុមឆ្មាំសមុទ្រ បានបន្តធ្វើការហ្វឹកហាត់ពីរបៀបសង្គ្រោះបឋម មនុស្សលង់ទឹក នៅតាមឆ្នេរនានា ក្នុងក្រុងព្រះសីហនុ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ។

សកម្មភាពហ្វឹកហាត់នេះ ទទួលបានការគាំទ្រ និងលើកទឹកចិត្តពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយលោកចាត់ទុកថា ដើម្បីបង្ការចំពោះគ្រោះថ្នាក់លង់ទឹកដោយចៃដន្យណាមួយ នៅពេលប្រជាពលរដ្ឋ ឬភ្ញៀវទេសចរចុះលេងទឹក ឬងូតសមុទ្រ ហើយជួបគ្រោះលង់ទឹកដោយចៃដន្យណាមួយកើតឡើង។

ទន្ទឹមគ្នានេះ លោក គួច ចំរើន ក៏បានណែនាំដល់សមត្ថកិច្ចគ្រប់ផ្នែកនៅតំបន់ឆ្នេរ ក៏ដូចជាកងឆ្មាំសមុទ្រ ឲ្យបង្កើនការយកចិត្តទុកដាក់ជាប្រចាំ ដោយត្រូវចុះត្រួតពិនិត្យតាមឆ្នេរសមុទ្រ ដើម្បីបង្ការការពារសុវត្ថិភាពភ្ញៀវទេសចរ ជាពិសេសក្នុងរដូវមានរលកខ្លាំង។

ជាងនេះទៀត ក៏សូមឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះណែនាំដល់ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋ ពេលចុះមុជទឹក ឬងូតទឹកសមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្នដូចជា៖ ត្រូវមានអាវពោង និងមិនត្រូវចុះលេងទឹកជ្រៅហួសខ្សែពោង ដែលអាជ្ញាធរបានដាក់កំណត់ ដើម្បីការពារសុវត្ថិភាពក្នុងទឹកសមុទ្រនោះទេ៕

អត្ថបទដែលជាប់ទាក់ទង