ព្រឹកនេះ, គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន២

រាជធានីភ្នំពេញ៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកាគណៈកម្មការ ប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហរិញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំរបស់គណៈកម្មការទី៤ នៃវិមានរដ្ឋសភា។

កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំផ្ទៃក្នុង របស់គណៈកម្មការ ដោយធ្វើការពិនិត្យសិក្សាលើទម្រង់ច្បាប់ និងខ្លឹមសារ មុននឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ និងតំណាងរាជរដ្ឋាភិបាល។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងពីរខាងលើនេះ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ សម្រេចប្រគល់ជូនគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ពិនិត្យសិក្សា ហើយរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕

អត្ថបទដែលជាប់ទាក់ទង