រដ្ឋបាលក្រុងព្រះសីហនុ បន្តចាត់វិធានការក្តៅរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងព្រះសីហនុ បន្តដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ និងបានស្ទូចយករថយន្ត , ម៉ូតូរឺមក ព្រមទាំងដកហូតយកសម្ភារៈមួយចំនួន ដែលប្រជាពលរដ្ឋដាក់លក់នៅលើចិញ្ចើមផ្លូវសាធារណៈនាំឲ្យប៉ះពាល់ដល់របៀបរៀបរយ និងការធ្វើចរាចរណ៍យានយន្ត។

វិធានការក្តៅនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដឹកនាំដោយ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បន្តថា សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ របស់អាជ្ញាធរក្រុងព្រះសីហនុ នៅថ្ងៃនេះ គឺចាប់ពីចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រហូតដល់រង្វង់មូលតោពីរ និងផ្លូវពូឡូវ៉ៃ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

មន្ត្រីដដែលបញ្ជាក់ថា មយនឈានដល់អាជ្ញាធរក្រុងព្រះសីហនុ ប្រើវិធាមការក្តៅខាងលើនេះ ក្រោយបានចុះអប់រំណែនាំដល់អ្នកលក់ដូរទាំងនោះជាច្រើនដង ប៉ុន្តែពួកគាត់មិនអនុវត្តតាម ទើបឈានដល់រដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំកម្លាំងចុះចាប់យករថយន្ត ០១គ្រឿង រទេះរឺម៉កចំនួន ០៨គ្រឿង និងសម្ភារៈមួយចំនួនទៀត យកទៅរក្សាទុកនៅក្នុងបរុវេណសាលាក្រុងព្រះសីហនុជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានព្រមានថា ចាប់ពីពេលនេះតទៅ រដ្ឋបាលក្រុង នឹងចុះអនុវត្តវិធានការក្តៅដូចគ្នានេះជាបន្តបន្ទាប់ហើយនឹងចាប់យកសម្ភារៈ និងយានយន្តនានា ដែលម្ចាស់ចត ឬទុកចោលលើផ្លូវសាធារណៈ បង្កឲ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍រួម។

ផ្តើមពីបញ្ហានេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬអាជីវករទាំងអស់ សូមកុំនាំយកឥវ៉ាន់ ឬសម្ភារៈផ្សេងៗ មកដាក់លក់លើផ្លូវ និងចំណីផ្លូវសាធារណៈ ប្រយោជន៍ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងខ្លាចកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ណាមួយកើតឡើង។

ត្រង់ចំណុចនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងក្រុងទេសចរណ៍មួយនេះឲ្យមានសោភ័ណ្ឌភាពល្អ..៕

អត្ថបទដែលជាប់ទាក់ទង