ក្រុមហ៊ុន OCIC យកគ្រឿងចក្រឈួស​ឆាយ​ផ្ទះ​ពលរដ្ឋលើ​ដីទំនាស់​ ទាំង​មិន​ទាន់​មាន​ដំណោះ​ស្រាយ

រាជធានីភ្នំពេញ៖ កាលពីព្រឹក​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ឬស្សីកែវ ប្រមាណ​ជាង ៣០នាក់ ប្រដាប់​ដោយ​អាវុធ និងដំបង បាន​នាំគ្នា​ការពារ​គ្រឿង​ចក្រ​ក្រុមហ៊ុន OCIC ដើម្បីឲ្យធ្វើការ​ឈួស​ឆាយ​នៅលើដី​ របស់ប្រជាពលរដ្ឋ ០១គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ ៦៥គ្រួសារ​ ដែល​កំពុង​មាន​វិវាទ ស្ថិតនៅ​ភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយមិន​ទាន់​ទទួល​បានដំណោះ​ស្រាយ​ពីក្រុមហ៊ុននៅឡើយ។

គួររំលឹកថា ប្រជាពល​រដ្ឋ​ចំនួន ៦៥គ្រួសារ ដែលមាន​វិវាទ​ដីធ្លីជាមួយ​ក្រុមហ៊ុន OCIC គឺមានទំហំ​ជាង ៤០ហិកតា ដោយទំនាស់នេះបានចាប់ផ្តើមតាំង​ពីឆ្នាំ​២០១១ អូសបន្លាយមក​ដល់​បច្ចុប្បន្ន​នេះ មិនទាន់​មាន​ដំណោះ​ស្រាយ​នៅឡើយ​ទេ។ ការដែលគ្មានដំណោះស្រាយនេះ ដោយសារ​តែភាគី​ខាង​សាលា​រាជធានី​ភ្នំពេញ ​នៅតែ​ប្រកាន់​ជំហរ​ផ្តល់សំណង ជូន​ប្រជាពល​រដ្ឋ ៦៥គ្រួសារត្រឹមតែ ១០ភាគរយ នៃទំហំ​ដី របស់​ពួកគាត់​តែប៉ុណ្ណោះ។

ចំណែក​ជំហរ​ របស់​ប្រជាពលរដ្ឋ​វិញ ទី១ ប្រកាន់​ជំហរ​ស្នើសុំ​កាត់​ឆ្វៀល និងទី២ ចំពោះ​ដីស្រែ និងចំការ ៥០ភាគរយ សុំលក់​តាម​តម្លៃទីផ្សារ​សេរី និង៥០ភាគរយ​ទៀត ប្រគល់​ទៅសាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន។

ចំពោះទំនាស់​ដីធ្លីនេះ សមាគម​អាដហុក ក៏បានស្នើរ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និងក្រុមហ៊ុន OCIC គួរ​បញ្ឈប់​សកម្មភាពឈួសឆាយ​ដីទំនាស់នោះសិន ដោយ​រង់ចាំការ​ចរចារក​ដំណោះ​ស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយ​សន្តិវិធី ដែល​ទទួល​យក​បានជា​មុនសិន ចាំបន្ត​ការងារអភិវឌ្ឍន៍​គំរោង​វិនិយោគ​ របស់​ខ្លួន​ជាបន្ត​ទៀត៕

អត្ថបទដែលជាប់ទាក់ទង