ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នា លោកស្រី កែ ឡេង ប្រកាសលាឈប់ពីអាជីពកីឡាប៉េតង់កម្ពុជា

រាជធានីភ្នំពេញ៖ វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាព របស់លោកស្រីថា មិនអាចទ្រាំទ្រតទៅមុខទៀតបាន។

ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា គឺ វីរកីឡាការិនី កែ ឡេង
ឲ្យដឹងដូច្នេះ ក្នុងបទសម្ភាសដាច់ដោយឡែកជាមួយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។

លោកស្រី កែ ឡេង មានប្រសាសន៍ថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាព របស់លោកស្រីផ្ទាល់ចុះខ្សោយ មិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។

លោកស្រី កែ ឡេង បានបន្តថា បច្ចុប្បន្ននេះគាត់មានវ័យកាន់តែចាស់ គឺមានអាយុ៥៧ឆ្នាំហើយៗ ពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួត ម្តងៗ ត្រូវតែមានការហ្វឹកហាត់ច្រើនម៉ោង ក្នុង១ថ្ងៃៗ។ ហើយម្យ៉ាងទៀត លោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាព របស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធា ឧត្តមសេនីយ៍ទោ(ផ្កាយពីរ)។

ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីពកីឡាការិនីប៉េតង់ ដ៏ឆ្នើមបំផុតរបស់កម្ពុជារូបនេះ អាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះដែរ។

កន្លងមក វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុតែងតែប្រាប់ថា ការហ្វឹកហាត់ និងការប្រកួតលក្ខណៈអន្តរជាតិម្តងៗ លោកស្រីសម្លឹងមើលគោលដៅ (កូនប៊ី) ដើម្បីវាយឱ្យចំគោលដៅ ហើយលោកស្រីតែងតែទទួលបានការកោតសរសើរពីមហាជនថា ម្ចាស់មេដាយមាស ៤ជំនាន់ជាប់ៗគ្នារបស់ពិភពលោករូបនេះ វាយចំគោលដៅបានយ៉ាងល្អបំផុត ដោយមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់បំបែកកំណត់ត្រា គ្រប់គ្រងម្ចាស់មេដាយមាសពីការប្រកួតជើងឯកពិភពលោករហូតដល់ ៤សម័យកាលជាប់ៗគ្នាបែបនេះឡើយ។

លោកស្រីបន្ថែមថា មកដល់ពេលនេះលោកស្រីមិនទាន់សម្លឹងឃើញមានកីឡាការិនីប៊ូល និងប៉េតង់កម្ពុជាណាម្នាក់ អាចស្នងដំណែង របស់លោកស្រីបាននៅឡើយទេ។

សូមរម្លឹកថា វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា ពោលគឺចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ។ ភាពល្បីល្បាញនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានផ្តល់សិទ្ធិឱ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។

នៅក្នុងឋានៈជាម្ចាស់ផ្ទះជើងឯកពិភពលោក យុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កីឡាការិនីជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ ដែលជាមេដាយមាសពិភពលោកជំនាន់ទី៤ ចុងក្រោយបង្អស់របស់លោកស្រី។

វិញ្ញាសាវាយយកពិន្ទុនារីនេះ ម្ចាស់មេដាយមាស កីឡាការិនី កែ ឡេង បានយកឈ្នះលើកីឡាការិនីប្រទេសឡាវ នៅវគ្គផ្តាច់ព្រ័ត្រ ដោយកីឡាការិនីឡាវបានត្រឹមមេដាយប្រាក់ រីឯម្ចាស់មេដាយសំរឹទ្ធ និងសំរឹទ្ធស្ទួនបានទៅលើកីឡាការិនីមីយ៉ាន់ម៉ា និង ចិន។ កីឡាការិនី កែ ឡេង ក៏បានជួយក្រុមយកឈ្នះមេដាយសំរឹទ្ធ១វិញ្ញាសាក្រុមដែរ គឺវិញ្ញាសា៣ទល់៣នាក់នារី មាន កីឡាការិនី កែ ឡេង, អ៊ុក ស្រីម៉ុំ, អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណា។ ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក លោកស្រី ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង