មឹកក្តាម និងបង្គាសមុទ្រ ចាក់ចាហួយជាង១១តោន ត្រូវសមត្ថកិច្ចបង្ក្រាប

រាជធានីភ្នំពេញ៖ គ្រឿងសមុទ្រមិនប្រក្រតី សរុបជាង ១១ តោន ត្រូវបានសមត្ថកិច្ច នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះបង្ក្រាប ដោយស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ០៣ គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣
កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

សកម្មភាពខាងលើនេះ ផ្តើមដោយមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានកិច្ចសហការពីមន្រ្តីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោ។

បន្ទាប់ពីបានត្រួតពិនិត្យ រថយន្តដឹកគ្រឿងសមុទ្រទាំង០៣គ្រឿងនោះ រួច មន្ត្រីជំនាញ ក៏បានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ ចំនួន ៤៤៩ កេស ឬស្មើនឹង ១១,២២៥ គីឡូក្រាម។

មន្ត្រីដដែលបន្តថា បច្ចុប្បន្ននេះ ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះរថយន្ត និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តអនុវត្តតាមនីតិវិធី។

ចំពោះបញ្ហានេះ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. អះអាងថា នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការពារអ្នកប្រើប្រាស់ ទាំងផ្នែកសុខុមាលភាព ទាំងផលប្រយោជន៍សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ។

ត្រង់ចំណុចនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំគុណភាព សុវត្ថិភាពទំនិញ និងសេវា ដើម្បីអគ្គនាយកដ្ឋានចាត់វិធានការបានទាន់ពេលវេលា៕

រូបភាព៖ អគ្គ.ការពារអ្នកប្រើប្រាស់ និង បង្ក្រាបការក្លែងបន្លំ CCF

អត្ថបទដែលជាប់ទាក់ទង