ប៉ូលិសក្រុងវ៉ាស៊ីនតោន បាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ហ្វូងបាតុករ ដើម្បីបំបែងហ្វូងប្រមូលផ្តុំធ្វើបាតុកម្ម

បរទេស៖ យោងតាមការចុះផ្សាយ របស់ទូរទស្សន៍ CNN ឲ្យដឹងថា
ប៉ូលិសក្រុងវ៉ាស៊ីនតោន បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ហ្វូងបាតុករ ដែលប្រមូលផ្តុំគ្នាស្រែកទាមទាររកយុត្តិធម៌ ឱ្យបុរសជនជាតិស្បែកខ្មៅ ម្នាក់ឈ្មោះ George Floyd។

បាតុកម្មខាងលើនេះ គឺបានផ្ទុះឡើងនៅកណ្ដាលទីក្រុង ដែលនៅមិនឆ្ងាយពីសេតវិមានប៉ុន្មាននោះទេ។

ក្រុមបាតុករ បានគ្នាវាយកំទេចសួនច្បារ និងដុតកៅអីនៅតាមទីសាធារណៈ។ ប៉ុន្តែ ខណៈនេះ ប៉ូលិសកំពុងព្យាយាមបង្ក្រាបបាតុករ និងគ្រប់គ្រងស្ថានការណ៍។

ទាក់ទិនបញ្ហានេះ លោក Muriel Bowser អភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា បំរាមគោចរនឹងមានប្រសិទ្ធភាពនៅត្រឹមម៉ោង ១១យប់នេះ ដែលនឹងចប់នៅត្រឹមម៉ោង ៦ព្រឹកថ្ងៃចន្ទ។

សូមបញ្ជាក់ថា ក្រោយការស្លាប់ របស់ជនជាតិស្បែកខ្មៅ George Floyd ដោយសារប៉ូលិស បានយកជង្គង់សង្កត់ក កាលពីថ្ងៃចន្ទសប្ដាហ៍មុន ការធ្វើបាតុកម្ម ក៏បានផ្ទុះឡើងនៅក្រុង Minneapolis រដ្ឋ Minnesota រហូតដល់មានអំពើហិង្សា រវាងប៉ូលិស និងក្រុមអ្នកបះបោរ។

មានជនឆ្លៀតឱកាសមួយចំនួន បានបំផ្លិចបំផ្លាញ និងលួចប្លន់ទ្រព្យសម្បត្តិឯកជន និងសាធារណៈក្នុងពេលកំពុងវឹកវរ។ ហើយថា បាតុកម្មទាមទារយុត្តិធម៌ ក៏បានលេចឡើងនៅបណ្ដាទីក្រុងមួយចំនួនទៀត នៅសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង