លោក ហ៊ឹម យ៉ាន៖ នគរបាល៥នាក់ ត្រូវដកតំណែង និងព្យួរការងារ ក្នុងពេលយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍១ខែមកនេះ

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា រយៈពេល០១ខែ នៃយុទ្ធនាការរឹងបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ផាកពិន័យតាមអនុក្រឹត្យលេខ៣៩ គឺមានមន្ដ្រីនគរបាលចរាចរណ៍ចំនួន០៥នាក់ ត្រូវបានដកហូតមុខតំណែង និងព្យួរការងារជាបណ្ដោះអាសន្ន ដោយអនុវត្តលើសពីអ្វី ដែលបានកំណត់ និងបំពានច្បាប់ចរាចរណ៍។

លោក ហ៊ឹម យ៉ាន ឲ្យដឹងដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលរយៈពេល ០១ខែ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យថ្មី កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។

នាឱកាសនោះ លោក ហ៊ឹម យ៉ាន បានឲ្យដឹងថា នគរបាលចរាចរណ៍ដែលត្រូវដកហូតមុខតំណែង និងព្យួរការងារនេះមានដូចជា៖ នៅខេត្តកំពង់ធំម្នាក់, ស្វាយរៀងម្នាក់ និងរាជធានីភ្នំពេញចំនួន០៣នាក់។

លោក ហ៊ឹម យ៉ាន បញ្ជាក់ថា នគរបាលទាំង០៥នាក់នោះ មានតួនាទីអធិការរង, នាយការិយាល័យ និងមន្ដ្រី។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា “មកទល់ពេលនេះ រយៈពេល០១ខែហើយ គឺយើងបានដាក់ពិន័យនគរបាលចំនួន ០៥នាក់៖

១- នាយការិយាល័យចរាចរណ៍ខេត្តកំពង់ធំ ត្រូវបានដកហូតមុខតំណែង ព្យួរការងារ

២- ព្យួរការងារ អធិការរងស្រុកចន្ទ្រា ខេត្តស្វាយរៀង

៣- ព្យួរការងារមន្ដ្រីនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ០៣នាក់”។

លោក ហ៊ឹម យ៉ាន អគ្គស្នងការរង បន្ថែមថា នគរបាលដែលត្រូវដាក់ពិន័យទាំង០៥នាក់នេះ គឺដោយសារល្មើសវិន័យកងកម្លាំង ហើយការព្យួរការងារនេះទៀតសោត គឺទាល់តែមានការសម្រេចថ្មី ទើបឲ្យចូលបំពេញការងារវិញដូចធម្មតា។

តាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ បង្ហាញថា រយៈពេល០១ខែ គឺគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ល្មើសច្បាប់ចរាចរណ៍ផ្លូវគោកសរុបមានចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន ៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន ១២,០៣៩ករណី ស្មើនឹង២៧%។

របាយការណ៍ដដែល បញ្ជាក់ថា បើប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នក របួសថយចុះ២៦នាក់ ស្មើ៧%(៣៤២/៣៦៨នាក់)៕

ប្រភព៖ Fresh News

អត្ថបទដែលជាប់ទាក់ទង