ក្រសួងការបរទេសកម្ពុជា កោះហៅឯកអគ្គរដ្ឋទូតវៀតណាម មកពិភាក្សា និងស្នើឲ្យរុះរើតង់៣១កន្លែង ចេញពីតំបន់ព្រំដែនខេត្តកណ្តាល ប៉ុន្តែវៀតណាមមិនធ្វើតាមទេ

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការ​ក្រសួងការបរទេសកម្ពុជា គឺលោកស្រី អ៊ាត សោភា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកជួប​ពិភាក្សា និងបានស្នើ​ឲ្យភាគីវៀតណាម រុះរើតង់ ចេញទាំងអស់ ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាព​ដើម មិន​កែប្រែក្នុងតំបន់នោះ។

ចំពោះករណីនេះ កម្ពុជា បានស្នើឲ្យភាគីវៀតណាម ទុកតំបន់នោះ រហូតដល់គណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ បានដោះស្រាយកំណត់​ខ្សែព្រំដែន​ជាក់លាក់ជាស្ថាពរ ដើម្បីប្រែក្លាយតំបន់​ព្រំដែន​ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ជាប្រយោជន៍រួម របស់ប្រជាជននៃប្រទេសទាំងពីរ​ប្រទេស។

ការលើកឡើងនេះ ធ្វើឡើងតាមសេចក្តីប្រកាស ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ដែលប្រព័ន្ធផ្សព្វផ្សាយទើបទទួលបាននៅថ្ងៃនេះ។

សេចក្តីប្រកាស លើកឡើងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូត​តវ៉ាអំពីការបោះតង់ របស់វៀតណាម ចំនួន ៣១កន្លែង នៅលើតំបន់ព្រំដែន​ ដែលមិនទាន់ឯកភាពគ្នា ក្នុងខេត្តកណ្តាល នៃប្រទេស​កម្ពុជា ជាប់នឹងខេត្តអានយ៉ាង នៃប្រទេសវៀតណាម ដោយស្នើ​ឲ្យភាគីវៀតណាម រុះរើតង់​ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សា​ស្ថានភាពដើម​មិនកែប្រែនៅក្នុងតំបន់ខាងលើ ឲ្យស្របតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងកិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ព្រំដែន រវាង​ប្រទេសទាំងពីរ​។

ខ្លឹមសារក្នុងសេចក្តីប្រកាសដដែលនេះ ក៏បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេសវៀតណាម ក៏បានធ្វើកំណត់ទូតឆ្លើយតប ដោយអះអាងថា ការបោះតង់នៅតាមព្រំដែន​ខេត្តអានយ៉ាងនេះ គឺជាវិធានការ​បណ្តោះអាសន្ន ចាំបាច់ ដើម្បីទប់ស្កាត់​ឲ្យទាន់ពេលវេលា នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេល​នៃការរីករាលដាល​ជំងឺឆ្លង​កូវីដ-១៩ ហើយការបោះតង់​ទាំងនោះ មិនមានផលប៉ះពាល់​ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន​លើតំបន់ព្រំដែន រវាង​ប្រទេសទាំងពីរ​នេះទេ។

ក្រសួងការបរទេស បានបន្ថែមថា អាជ្ញាធរវៀតណាម បានសន្យាថា នឹងធ្វើការរុះរើតង់ ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ។

ទោះជាបែបនេះក្តី តាមការកត់សម្គាល់ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ តង់ទាំង៣១កន្លែង របស់វៀតណាមទាំងនោះ មិនទាន់រុះរើចេញនៅឡើយទេ។

បន្ថែមលើនេះ នៅពេល​រដ្ឋលេខាធិការ​ក្រសួងការបរទេសកម្ពុជា បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាម មកពិភាក្សារឿងបោះតង់លើតំបន់ព្រំដែននេះ ក៏ឯកអគ្គរដ្ឋទូតវៀតណាម មិនបានឆ្លើយតបអ្វីមកកម្ពុជាឡើយ៕

ប្រភព៖ Swift News

អត្ថបទដែលជាប់ទាក់ទង