បុរសម្នាក់កំពុងបើកម៉ូតូកង់បីឥណ្ឌាសុខៗ ក៏ធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ ចោលប្រពន្ធ និងកូនតូចៗពីរនាក់

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋបានឲ្យដឹងថា បុរសម្នាក់ បានធ្លាក់ពីលើម៉ូតូកង់បីឥណ្ឌាបណ្ដាលឲ្យស្លាប់ តាមផ្លូវ ក្នុងអំឡុងពេលកំពុងបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ។

គ្រោះថ្នាក់នេះ សាក្សី អះអាងថា នៅពេលជនរងគ្រោះកំពុងតែបើកម៉ូតូកង់បីសុខៗ ក៏ទំនងជាគាត់ងងឹតមុខ ហើយធ្លាក់ពីលើម៉ូតូបោកក្បាលនឹងថ្នល់ កាលពីម៉ោង ៦ ល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២០ ត្រង់ចំណុចខាងកើតផ្សារប៉េសេ ប្រមាណ២០ម៉ែត្រ តាមបណ្ដោយផ្លូវ ៣៧១ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ វ៉ែន សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ចោលប្រពន្ធ និងកូនតូចៗ ០២នាក់ ឲ្យនៅកំព្រា។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសជាជនរងគ្រោះខាងលើ បានបើកកង់បីឥណ្ឌា ពណ៌ក្រហម
ពាក់ស្លាកលេខភ្នំពេញ1HC.6744 ចេញពីផ្សារប៉េសេ ឆ្លងផ្លូវទៅឆ្វេងដៃតាមបណ្ដោយផ្លូវ ៣៧១ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែឃើញធ្លាក់ពីលើកង់បី បណ្ដាលឲ្យរងរបួសធ្ងន់។ បន្ទាប់មកប្រជាពលរដ្ឋ ក៏បានជួយរិតនឹងទាក់ទងទៅរថយន្តសង្គ្រោះគ្លីនិកឯកជនឲ្យមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ប៉ុន្តែជាកម្មអកុសល រថយន្តសង្គ្រោះចេញដល់ពាក់កណ្តាលផ្លូវ ក៏បានដាច់ខ្យល់ស្លាប់។

បើតាមសម្ដីបងប្រុសបង្កើត របស់ជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានជំងឺបេះដូងរីកប្រចាំកាយ ហើយក៏លេបថ្នាំជារៀងរាល់ថ្ងៃមកហើយដែរ។ ប៉ុន្តែមិនដឹងថាថ្ងៃនេះ រូបគាត់អស់កម្លាំង ឬក៏វិលមុខយ៉ាងម៉េចទេបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូកង់បីស្លាប់ចោលប្រពន្ធ និងកូនតូចៗយ៉ាងអណោចអធម៌។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានខាងគ្លីនិកឯកជនទាក់ទងតាមទូរស័ព្ទប្រាប់សាច់ញាតិ ឲ្យមកយកសពជនរងគ្រោះទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Narith News

អត្ថបទដែលជាប់ទាក់ទង