សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជា គឺបានសង់ឡើងនៅលើផ្ទៃដីទីតាំងអគារគណបក្សចាស់ ដែលមានទំហំដីប្រមាណ ១.៦ហិកតា ដែលមានកម្ពស់៥ជាន់។ ទំហំសំណង់អគារគឺប្រមាណ ៥០,០០០ម៉ែត្រក្រឡា ដែលពេលនេះ ការសាងសង់បាន ៩៥%ហើយ។

អគារដ៏ធំស្កឹមស្កៃនេះ ត្រូវបានសាងសង់ឡើងរំលេចដោយក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានសោភ័ណភាពល្អប្រណិត ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។

ការកសាងអគារនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ។

អគារនេះមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ ម៉ែត្រ, កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រ មានកម្ពស់៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង៥០០ចំណត និងទីធ្លាមុខអាគារសម្រាប់មហាជនយើងអាចចតរថយន្តបាន៣០០គ្រឿង។ នៅជាន់លើគឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានចំនួនប្រមាណជា១ម៉ឺននាក់។

អគារនេះមានកម្ពស់០៥ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានប្រមាណជាង៤,០០០នាក់, មានអាហារដ្ឋាននៅផ្នែកខាងត្បូងអាគារ ដែលអាចដាក់មនុស្សបានចំនួន១២០នាក់ក្នុងមួយពេល។ អគារនេះមានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល មានបន្ទប់សម្រាប់ជនពិការ មានបន្ទប់ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។ អគារនេះក៏មានសាលលៀងសាយភោជនដាក់មនុស្សបាន១៥០នាក់ និងបន្ទប់រៀបចំអាហារ។

ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអីអាចដាក់បានប្រមាណ ៣,៤៧៤នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន ៣៤៧០នាក់ផងដែរ។

ចំពោះសោភ័ណភាពនៃការឌីហ្សាញអាគារនេះជារួមគឺមានរចនាបថថ្មីហៅថា រចនាបថរួមសម័យដោយសារមានរចនាបទបីរួមចូលគ្នាគឺ៖

ទី១)រចនាបថប្រាសាទអង្គរវត្ត

ទី២) រចនាបថបន្ទាយស្រី

ទី៣) រចនាបថកណ្ដាល ហើយបានរួមបញ្ចូលគ្នាយើងហៅថា “ រចនាបថរួមសម័យ”។

វត្តមានអគារដ៏ធំស្កឹមស្កៃនេះ គឺបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យ របស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល៕

អត្ថបទដែលជាប់ទាក់ទង