ក្បាលស្ពាន (សហស្រលិង្គ) ឬជ្រលងលិង្គ ១ពាន់

ខេត្តសៀមរាប៖ ក្បាលស្ពាន (សហស្រលិង្គ) ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១, ព្រះបាទឧទយាទិត្យវរ្ម័នទី២ ក្នុងសតវត្សទី១១ (១០០២-១០៥០ សូ.វ.ទី១/១០៥០-១០៦០ ឧ.យ.វ.ទី២) ឧទ្ទិសថ្វាយ ព្រះសិវៈ , ព្រះវិស្ណុស្ថាបត្យកម្ម បាពួន នៃខេត្តសៀមរាប។

ក្បាលស្ពាន (សហស្រលិង្គ) ឬជ្រលងលិង្គ ១០០០នេះ គឺមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងប្រហែល ១៧-១៨ គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី។ កន្លែងនេះ ត្រូវបានគេស្គាល់ថា ជាជ្រលងនៃលិង្គ ១០០០ និងមានផ្លូវឡើងភ្នំប្រវែង ១៥០០ម៉ែត្រ (ពីក្រោមឡើងទៅលើភ្នំ)។

ទីតាំងនេះ មានចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង និងជុំវិញស្ទឹងក្បាលស្ពាន ដោយចម្លាក់ទាំងនោះភាគច្រើន បានកសាងឡើងនៅសតវត្សទី១១ នៃគ្រិស្តសករាជ។

ក្បាល​ស្ពាន​ខាងលើនេះ ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ ព្រះបាទសូរ្យវរ្ម័នទី១ និងបន្តស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទយាទិត្យវរ្ម័នទី២។
ក្បាលស្ពាន (សហស្រលិង្គ) ឬជ្រលងលិង្គ ១០០០នេះ ប្រជាជនមានជំនឿតៗគ្នា ដោយគេយល់ថា ទឹកដែលហូរតាមស្ទឹងនេះ គឺជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ។ ជាពិសេសបានបម្រើដល់ការធ្វើរបរកសិកម្មផង។ នៅតាមស្ទឹងនេះ គេបានឆ្លាក់លិង្គរាប់រយពាន់ ដែល​ស្នង​ព្រះឥសូរ នៅតាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃ​ស្ពានថ្មធម្មជាតិ ចុះមកក្រោមរហូតដល់ទឹកធ្លាក់ មានប្រវែង ១៥០ម៉ែត្រ។ ដូចេ្នះហើយបានជាសិលាចារឹក សំស្រ្កឹត ហៅទីនេះថា «សហស្រលិង្គ» (លិង្គ១០០០)។

បន្ថែមលើនេះ ទីតាំងនេះត្រង់កន្លែងខ្លះ ក៏មានឆ្លាក់យោនីជា​បល្ល័ង្គភ្ជាប់ជាមួយផង ដោយចម្លាក់ទាំងនេះ នៅរាយនៅបាតស្ទឹង ប្រវែងប្រមាណ ២០០ ម៉ែត្រ នៅតាមច្រាំង និងនៅលើជញ្ជាំងខ្លះៗផងដែរ។

ក្រៅពីនេះ ក៏មានចម្លាក់ជាច្រើនកនែ្លងមានរូប ព្រះនារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រ នាអន្តរកប្បមួយ។ ហើយថា
ទឹកដែលហូរកាត់ស្ទឹងនេះ ទទួលមន្តពីចម្លាក់អស់​ទាំង​នេះ​ហើយដែលបង្កើតជា ស្ទឹងឬស្សី ហើយបែកមកជា ស្ទឹងពួក និងស្ទឹងសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង