ក្រសួងសុខាភិបាល៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងកម្ពុជា ដូច្នេះសូមប្រជាពលរដ្ឋបន្តប្រយ័ត្នជានិច្ច

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានជាសះស្បើយ។ ជាមួយគ្នានេះ ក្រសួងមិនទាន់រកឃើញករណីជំងឺកូវីដ-១៩​ថ្មី​ទៀតទេ។​ ដូច្នេះ​ចំនួន​សរុប​អ្នកជំងឺ​កូវីដ-១៩ នៅកម្ពុជា មានចំនួន​​ ១២៦នាក់ ដោយក្នុងនោះមានម្នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ និង​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន១២៥​នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសកម្ពុជា មិនមានអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ នោះទេ។

យ៉ាងណាក៏ដោយចុះ ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សង្កត់ធ្ងន់ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងកម្ពុជាជាប់ជានិច្ច។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នការពារការឆ្លងជំងឺនេះ ជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ មួយចំនួនដូចជា៖ នៅឃ្លាតឆ្ងាយពីគ្នា​, មិនចេញក្រៅផ្ទះជាដើមបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងកម្ពុជា និងពិភពលោកទាំងមូល កំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ មានការរីករាលដាលខ្លាំងនៅឡើង។

បន្ថែមលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានរំលឹកថា ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជា ៖ ពន្យាពេលរៀបអាពាហ៌ពិពាហ៌​, ពិធីជប់លៀង​, ការចាក់ធុងបាសរាំ​។ល។ បន្ថែមលើនេះ ក៏ត្រូវបន្តគម្លាតបុគ្គល​បន្ត​ទៀត​ ដូចជា៖ ​អង្គុយគម្លាតពីគ្នា​, ឈររង់ចាំគម្លាតពីគ្នា​, ឈរជជែកគ្នាគម្លាតពីគ្នា​។ល។ ជាពិសេសជាងនេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវ​បន្តពាក់ម៉ាស់ នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ជាដើមឲ្យបានជាប្រចាំថ្ងៃ..។

ក្រសួងសុខាភិបាល បញ្ជាក់ថា ប្រទេសកម្ពុជា​ បានរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុត នៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០២០​ នៅខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង