ក្រសួងបរិស្ថានធ្វើជំរឿនប្រចាំឆ្នាំ ដើម្បីឲ្យដឹងពីចំនួនសត្វត្មាតក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជា

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WSC) ប្រចាំកម្ពុជា ចុះធ្វើជំរឿនសត្វត្មាត ក្នុងភូមិសាស្ត្រ នៃដែនជម្រកសត្វព្រៃក្នុងប្រទេសកម្ពុជា ដើម្បីបានដឹង ពីចំនួនពិត នៃសត្វត្មាតនៅកម្ពុជា និងស្ថានភាព នៃការវិវត្តជុំវិញចំនួនសត្វត្មាតនៅកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការជំរឿនសត្វត្មាតនេះធ្វើឡើងនៅទីតាំងចំនួន០៥ផ្សេងគ្នារួមមាន៖ ក្នុងដែនជម្រកសត្វព្រៃ សៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង, នៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ, នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី, នៅស្រែអង្ក្រងក្នុងតំបន់សេសាន នៅស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។

លោក នេត្រ ភក្ត្រា ដែលបានចូលរួមសង្កេតដោយផ្ទាល់នៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា ឃើញសត្វត្មាតចំនួន ៣៤ ក្បាលបានចុះមកស៊ីសត្វគោងាប់ ដែលជាចំណីរៀបចំបន្ថែមដោយអង្គការ WCS ក្រោម ការឧបត្ថម្ភគាំទ្រ របស់គម្រោងព្រៃឡង់បៃតង ក្នុងនោះសត្វត្មាតផេះចំនួន ០៩ក្បាល ត្មាតភ្លើងចំនួន ០៣ ក្បាល និងត្មាតត្មោតចំនួន ២២ក្បាល។

លោកបន្តថា ចំនួននេះមិនទាន់រាប់បញ្ចូលពីលទ្ធផលជំរឿននៅតំបន់ផ្សេងទៀតនៅឡើយទេ។

លោក នេត្រ ភក្ត្រា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ការជំរឿនកាលខែធ្នូឆ្នាំ២០១៩កន្លងទៅ នៅទីតាំងដដែលនេះ មានសត្វត្មាតចំនួន ៤៤ក្បាល។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា ចំពោះលទ្ធផលជំរឿនសត្វត្មាត កាលពីឆ្នាំ២០១៩កន្លងទៅ បង្ហាញថា កម្ពុជា មានសត្វត្មាតទាំង ០៣ ប្រភេទ មានចំនួន ១៣៧ក្បាលហើយតំបន់ ដែលមានសត្វត្មាតច្រើនជាងគេ គឺនៅដែនជម្រកសត្វព្រៃ សៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ។

ក្រសួងបរិស្ថាន ឲ្យដឹងថា សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ។

ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារ និងអភិរក្សបែបណាក៏ដោយចុះ។

ត្រង់ចំណុចនេះ លោក នេត្រ ភក្ត្រា បន្តថា មូលហេតុដែលនាំឲ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំង គឺដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុល របស់មនុស្ស ការបាត់បង់ជម្រក, ការខ្វះចំណីអាហារ, ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុលជាដើម។ល។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា ឃើញមានប្រជាសហគមន៍នៅតាមតំបន់មួយចំនួន បាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុចម្បងដែលបណ្ដាលឲ្យសត្វត្មាតស្លាប់ដែរដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុល។

ផ្តើមពីបញ្ហានេះ លោក នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថានក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម អភិរក្ស និងការពារសត្វត្មាត ដោយបញ្ឈប់រាល់គ្រប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ និងឈប់ប្រើប្រាស់ថ្នាំពុលនៅជុំវិញដែនជម្រកសត្វព្រៃទាំងអស់នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង