លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីចុះពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃការស្ថាបនាកំណាត់ផ្លូវជាតិលេខ៧ (១៦៤គ.ម)

ខេត្តក្រចេះ៖ កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងក្រុមបច្ចេកទេសជំនាញ របស់ក្រសួង ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៧ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តក្រចេះ និង ខេត្តត្បូងឃ្មុំផងបានចូលរួម។

គម្រោងផ្លូវជាតិលេខ៧ គឺជាគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ (Road Asset Management) មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជា AC ហើយគម្រោងនេះ ត្រូវបានបែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន៣៦ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិក។

រហូតមកដល់បច្ចុប្បន្ននេះ កំណាត់ផ្លូវខាងលើនេះ សម្រេចការសាងសង់រួចរាល់ បានប្រមាណ៨០ភាគរយហើយ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមិនទាន់ចេញវិញ្ញាបនបត្របញ្ជាក់ឱ្យក្រុមហ៊ុនសាងសង់ឡើយ ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹងការសាងសង់។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធសហការគ្នា កែសម្រួលលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវអនុវត្តតាមកិច្ចសន្យា និងសៀវភៅបន្ទុកឱ្យបាន១០០ភាគរយ។

ឆ្លៀតឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យទុកចិត្តក្រសួងសាធារណការ និងដឹកជញ្ជូន។

ត្រង់ចំណុចនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បើផ្លូវនោះពិនិត្យឃើញថា មិនមានគុណភាពស្របតាមលក្ខណៈបច្ចេកទេសទេ ក្រសួងនឹងមិនទទួលយកផ្លូវនោះឡើយ ព្រោះក្រសួងឈរលើគោលការណ៍ “សាងសង់ផ្លូវឱ្យមានគុណភាព រឹងមាំ ជាប់បានយូរអង្វែង”។ ហើយថា ក្រសួងនឹងធ្វើការត្រួតពិនិត្យជាប្រចាំតាមការដ្ឋានសាងសង់ទាំងអស់ក្រោមដែនសមត្ថកិច្ច របស់ក្រសួង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនម៉ៅការសាងសង់កំពុងកែលម្អលក្ខណៈបច្ចេកទេស ត្រង់ចំណុចទាំងឡាយណា ដែលមិនសមស្របតាមលក្ខណៈបច្ចេកទេស នៅលើកំណាត់ផ្លូវខាងលើនេះ។

បន្ថែមលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនគម្រោងសាងសង់ផ្លូវពីក្រចេះទៅទល់ដែនប្រទេសឡាវ (ត្រពាំងក្រៀល)ដោយលោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា យើងបានសិក្សារួចរាល់ និងកំពុងតែរង់ចាំភាគីចិន សម្រេចតែប៉ុណ្ណោះ។

ជាមួយគ្នានោះ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ត្រូវបានសិក្សាចប់សព្វគ្រប់ និងគ្រោងដាក់ដេញថ្លៃនៅពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលឆ្លងកាត់ ទៅកាន់ខេត្តកំពង់ធំឱ្យបានឆាប់រហ័ស ចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។

ព្រមជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ឱ្យគោរពច្បាប់ចរាចរណ៍ កុំដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ កុំកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស។ ជាងនេះទៀត លោករដ្ឋមន្ត្រីក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យយករថយន្តទៅឆៀក បើដល់ពេលត្រូវឆៀក ទៅប្ដូរពន្យារប័ណ្ណបើកបរបើហួសសុពលភាព ពាក់ខ្សែក្រវ៉ាត់ពេលបើបររថយន្ត ពាក់មួកសុវត្ថិភាព កុំបើកបរក្រោមឥទ្ធិផលគ្រឿងញៀន និងគ្រឿងស្រវឹង ដើម្បីសុវត្ថិភាពទាំងអស់គ្នា និងដើម្បីជៀសវាងការផាកពិន័យនានា៕

អត្ថបទដែលជាប់ទាក់ទង