ព្រះតេជ្ជគុណ លួន សុវ៉ាត បដិសេធន៍ចោលទាំងស្រុង ចំពោះរាល់ការចោទប្រកាន់មកលើព្រះអង្គ

ខេត្តសៀមរាប៖ ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ព្រះសង្ឃ លួន សាវ៉ាត មានខ្លឹមសារ និងសំណេរដើមដូចតទៅ៖ “ខ្ញុំព្រះករុណាអាត្មាភាព លួន សុវ៉ាត មិនទាន់ត្រូវបានក្រពើ ខ្លា ពស់វែក ចាប់ហែកស៊ី ចាប់ផ្សឹកបាននៅឡើយទេ ហើយបច្ចុប្បន្នកំពុងគង់នៅកន្លែងមានសុវត្ថិភាពមួយ ដែលនៅឆ្ងាយ ដែលជាទីកន្លែងមិនមានសត្វកាចសាហាវ ក្រពើខ្លាណាអាចទៅចាប់ស៊ីបានទេ។

អាត្មាភាព សូមធ្វើការបដិសេធន៍ចោលទាំងស្រុង រាល់ការចោទប្រកាន់ មួលបង្កាច់ លាបពណ៌ ប្រឌិតព័ត៌មានក្លែងក្លាយ កាត់តយករូបភាពអ្នកដទៃនិងសម្លេងមកថតបញ្ចូលគ្នាក្នុងហ្វេសប៊ុក ឲ្យកើតទៅជាសាច់រឿងមួយ ដែលខុសការពិត បង្កើតឡើងក្នុងសម័យបច្ចេកវិទ្យាទំនើបដោយខុសទៅនឹងច្បាប់ជាតិ ច្បាប់អន្តរជាតិ ច្បាប់សាសនា និងច្បាប់បណ្តាញព័ត៌មានសង្គម ដើម្បីកំចាត់ (ធ្វើស៊ី ) ហើយបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកក្លែងក្លាយ ផ្សព្វផ្សាយបន្តលឿនរហ័សដូចរន្ទះបាញ់ខែចេត្រតាមបណ្តាញពត៌មានផ្សេងៗបន្តទៀត ដែលមាននិន្នាការនយោបាយបក្សក្តោបក្តាប់អំណាច និងបក្សពួកក្រុមជនដែលតែងតែជេរប្រមាថព្រះសង្ឃជារឿយៗ និងដែលតែងតែស្អប់អាត្មា។ អាត្មាចាត់ទុករឿងទាំងអស់នេះ គឺជារឿងនយោបាយទាំងស្រុង ព្រោះថា ចំណាត់ការ របស់មន្ត្រីថេរសភាសង្ឃខេត្តសៀមរាប និងក្រុងភ្នំពេញនិងមន្ទីរធម្មការ និងសាសនាជាដើម បានធ្វើការចេញសេចក្តីសម្រេចស៊ីសង្វាក់គ្នា និងលឿនរហ័សដូចភ្នែកបន្ទោល ដែលខុសពីរឿងបុគ្គលផ្សេងៗ ដោយមិនបានធ្វើការ ពន្យាពេល ស្រាវជ្រាវរាវរក ស៊ើបអង្កេត រកភ័ស្តុតាង បទល្មើសជាក់ស្តែងពិតប្រាកដណាមួយទេ ក្រៅតែពឹងផ្អែកទៅលើសម្លេង និងហ្វេសប៊ុកក្លែងក្លាយ យកមកធ្វើជាគោល នៃសេចក្តីសម្រេច។ សម្លេងគ្រាន់តែជានាមតែគ្មានរូបរាង ពណ៌សម្បុរទេ ហើយសម្លេងក៏ត្រូវបានគេធ្វើត្រាប់តាមមនុស្សឬសត្វ, ច្រៀងតាម ឬបញ្ចូលសម្លេង ឬសម្លេងស្រដៀងគ្នាដូចគ្នា ដែលយើងធ្លាប់ឃើញឮជារឿយៗផងដែរ ហើយការបង្កើតជាសារបែកធ្លាយនៃសម្លេងឆ្លងឆ្លើយជាច្រើននាក់នៃឥស្សរជនអ្នកនយោបាយនៅក្នុងប្រទេសកម្ពុជាកន្លងមក ក៏យើងធ្លាប់ឃើញកើតមានផងដែរ ដែលសុទ្ធតែកើតឡើងក្នុងន័យប្រើសម្លេងជាអាវុធ ដើម្បីកេងចំណេញនយោបាយឬវាយប្រហារបង្ខូចកិត្តិយសកេរ្តិឈ្មោះដល់គូបដិបក្ខផងដែរ ហើយសម្លេងខ្លះគេនិយាយលេងសើចសោះបែជាបញ្ចេញបញ្ចូលមកធ្វើជាការពិតទៅវិញក៏មាន។ ភ័ស្តុតាងដែលរឹងមាំអាចថា យកជាផ្លូវការបានស្ទើរ ១០០ភាគរយ គឺ បើមានជាវីដេអូសកម្មភាពជាក់ស្តែង ប្រសិនបើមានវីដេអូជាក់ស្តែងណាមួយដែលបានប្រព្រឹត្តខុសឆ្គងដូចការចោទប្រកាន់ខាងលើមកលើអាត្មាភាពមែននោះ អាត្មា និងទទួលយកទោសកំហុសទៅតាមវីដេអូសកម្មភាពជាក់ស្តែងទាំងនោះ ប៉ុន្តែបើគ្រាន់តែជាសម្លេងជារូបភាពកាត់តទេ គឺអាត្មាមិនអាចទទួលយកបានទេ។ ក្រោយថ្ងៃចេញសេចក្តីសម្រេចឲ្យចាប់ផ្សឹកដោយចោទថាខុស និងវិន័យសង្ឃរួចមក សកម្មភាពនៃការតាមចាប់ខ្លួនអាត្មា គឺខុសបច្ចេកទេសទាំងស្រុង គឺបែរជា ប្រើអំណាចព្រះរាជអាជ្ញារនិងអំណាចស្នងការប៉ូលីសខេត្តសៀមរាប ទៅចោទទៅចាប់អ្នកដទៃដែលមិនមែនជាអាត្មាទៅវិញ ក្នុងនោះមានការនាំខ្លួនក្មួយប្រុសអាត្មា២នាក់ទៅសាកសួនៅស្នងការខេត្តហើយវ៉ៃខ្នោះដៃនិងប្រើហឹង្សានិងឃុំខ្លួនក្មួយអាត្មាម្នាក់១យប់២ថ្ងៃទើបមានការដោះលែង ក្រោយបងប្អូនទៅធានានិងបង់លុយកាក់អស់មួយចំនួនធំផងដែរ ។ ក្រៅពីការនាំខ្លួនក្មួយប្រុសអាត្មាទៅសួរចម្លើយនិងគម្រាមគំហែង ក្រុមប៉ូលីសស្នងការខេត្តប្រមាណ ៤ទៅ៥ឡាន បានដឹកនាំកម្លាំងទៅឆែកឆេរ និងរឹបអូសទ្រព្យសម្បត្តិឯកជន រំលោភលើសិទ្ធិមានកម្មសិទ្ធិ របស់អាត្មានៅភូមិកំណើតក្នុង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ដោយដកហូតទូរស័ព្ទមួយចំនួនពីក្មួយអាត្មា ដកហូតឡាន Lexus470 ១គ្រឿង, កាមេរ៉ាជិត១០គ្រឿង, ទូរទស្សន៍១គ្រឿង, ទូទឹកក, ធុងទឹកកក ឯកសាផ្សេងៗមួយចំនួនទៀត ចេញពីផ្ទះញោមប្រុសអាត្មាផង, ផ្ទះក្មួយប្រុសអាត្មាផង និង ពីក្នុងវត្តស្លែងផង យកទៅរក្សាទុកនៅស្នងការប៉ូលីសខេត្តសៀមរាប។ ក្រៅពីនោះ ក៏បាននាំខ្លួនព្រះសង្ឃ២អង្គក្នុងវត្តស្លែងទៅសួរចម្លើយ និងដកហូតទូរស័ព្ទផងដែរ ក្រោយមកបានប្រគល់ទូរស័ព្ទមកឲ្យវិញ ប៉ុន្តែទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិឯកជន របស់អាត្មាភាព ត្រូវបានគេដកហូតរក្សាទុកនៅស្នងការប៉ូលីសខេត្តសៀមរាប រហូតមកដល់ថ្ងៃនេះ មិនទាន់ប្រគល់ឲ្យវិញទេ។ គេចោទថាខុសនិងច្បាប់សាសនា តែដល់ធ្វើចំណាត់ការអនុវត្តន៍ច្បាប់មិនយកច្បាប់សាសនាមកប្រើទេ បែរជាយកអំណាចអាជ្ញាមកវាយប្រហារ គំរាមគំហែង បំភិតបំភ័យ ចោទចាប់ទៅវិញ នេះគឺជា ចេតនានយោបាយ គំនុំគុំគួន យ៉ាងពិតប្រាកដ ដោយគ្រាន់តែយកលេសថាខុសវិន័យសង្ឃ ប៉ុន្តែចេតនានយោបាយ ដោយសាតែកន្លងមកអាត្មាភាពជាសកម្មជនសិទ្ធិមនុស្ស សង្ឃដ៏ល្បីទាំងក្នុងនិងក្រៅប្រទេស ធ្វើការងារសង្គមជាតិសាសនាជាច្រើន ទាក់ទង និង បញ្ហាជម្លោះដីធ្លី, សិទ្ធិមនុស្ស, ព្រៃឈើ តស៊ូមតិ ដើម្បីយុត្តិធម៌សង្គម, មនុស្សធម៌, បាតុកម្ម, នយោបាយ, សម្ភាសន៍ និងផ្សាយព័ត៌មានឯករាជ្យ ដែលធ្វើឲ្យអ្នកមានអំណាចមួយចំនួនក្តៅក្រហាយ មិនសប្បាយចិត្តនិងសកម្មភាពអាត្មាជួយសង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សានោះទេ ព្រោះវាប៉ះពាល់នយោបាយនិងឆ្នាំងបាយផលប្រយោជន៍បក្សពួកគេ។

អាត្មាភាព លួន សុវ៉ាត មិនទាន់អស់បុណ្យក្នុងការធ្វើបុណ្យខ្មែរជួយខ្មែរនៅឡើយទេ ទើបក្រុមជនបក្ខពួកដែលរួមគំនិត រួមការងារគ្នាធ្វើបាបអាត្មា មិនទាន់អាចចាប់ខ្លួនអាត្មាបាននៅឡើយ ហើយប្រសិនបើគេចាប់ខ្លួនបានវិញនោះ គឺមិនត្រឹមតែគេផ្សឹកប៉ុណ្ណោះទេ គឺអាចនឹងត្រូវរងទារុណកម្ម អំពើហឹង្សា រហូតដល់ឆ្កួត ឬស្លាប់ និង ការចោទប្រកាន់ពីប្រព័ន្ធតុលាការទាំងបទចោទចាស់ដែលមានស្រាប់ក្នុងដៃតុលាការ ក៏ដូចជា បទចោទដែលតុលាការធ្លាប់ចោទចាប់អាត្មាកន្លងមក មានបទ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ប្រព្រឹត្តិទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស, បទ រួមគំនិតក្បត់ជាតិ និង បទចោទប្រកាន់ថ្មី យើងមិនអាចស្មានត្រូវថា និងចោទបទអ្វី និង អាចជាប់ពន្ធនាគារថែមទៀតផង ហើយនេះមិនមែនជាការចោទ និងចាប់ជាលើកទី១ឡើយគឺច្រើនលើកច្រើនសាហើយ ដែលអាត្មារងគ្រោះត្រូវបានគេចោទ និងចាប់ថាខុសច្បាប់ជាតិ ច្បាប់សាសនា ចាប់តាំងពីចូលរួមសកម្មភាពការងារសង្គមចាប់ពីឆ្នាំ២០០៩ រហូតមកដល់២០២០នេះ។ ដោយមើលឃើញពីហានិភ័យខ្ពស់អំពីសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីកុំឲ្យប៉ះពាល់ដល់វត្តអារាម ដល់គ្រួសារបងប្អូនញាតិមិត្ត ដូច្នេះហើយ ទើបអាត្មាភាពមិនអាចនៅតតាំងច្បាំងនឹងការចោទប្រកាន់ដូចមហាខ្យល់ព្យុះសង្ឃរានេះបានទេ មានតែរត់គេចខ្លួន ដើម្បីមានឱកាស (ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត) ផ្លូវដែលត្រូវបន្តដំណើរនៅវែងឆ្ងាយណាស់ មិនអាចឈប់ត្រឹមនេះបានទេ បើផ្លូវនេះជួបឧបសគ្គគ្រោះថ្នាក់ យើងអាចស្វែងរកផ្លូវផ្សេងទៀតដើម្បីធ្វើដំណើរឆ្លងកាត់ឧបសគ្គគ្រោះថ្នាក់រហូតដល់ទិសដៅ នៃភាពជោគជ័យ គឺ មានជីវិតត្រូវតែមានន័យ ត្រូវតែតស៊ូ មិនឆាប់មិនយូរ គង់បានជោគជ័យ។

អាត្មាភាព លួន សុវ៉ាត បួសហើយនឹងសឹកជារឿងធម្មតាទេ ប៉ុន្តែ មិនមែនសឹកដោយឲ្យគេចាប់បង្ខំផ្សឹកនោះទេព្រោះគ្មានតម្លៃនឹងនាំឲ្យប៉ះពាល់កិត្តិយស គឺនឹងមានពេលវេលាដ៏សមរម្យណាមួយនឹងសឹកដោយការសម្រេចចិត្តដោយខ្លួនឯង នៅក្រៅប្រទេសក្នុងពេលអនាគតខាងមុខ ការរត់គេចពីសេចក្តីទុក្ខដ៏ធំធេង នៃការចោទប្រកាន់បែប បំផ្លាញ បំភ្លៃ បំភិតបំភ័យ ក្នុងន័យនយោបាយលាយឡំនិងសាសនា ក្នុងការចាប់យកចំណុចខ្សោយ របស់អ្នកបួសក្នុងសាសនាទាំងអស់អង្គ មិនថា លោកតូច លោកធំ លោកនេន ភិក្ខុ ទេគឺបើគេចោទថា ខុសធម៌វិន័យមានស្រីហើយ គឺ១០០ ទាំង១០០ អាចនឹងប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះ បើទោះជារឿងនោះពិត ឬមិនពិតក៏ដោយ ល្បិចចោទសម័យថ្មីបីដូចល្បិចចោទសម័យពុទ្ធកាលផងដែរ គឺនាង ចិញ្ចាមាណវិការ យកឈើធ្វើជាកូន ហើយទៅចោទព្រះពុទ្ធថា បានរួមមេត្រីនឹងនាងរហូតមានផ្ទៃពោះ តែទីបំផុត ព្រះពុទ្ធយកឈ្នះនាងចិញ្ចា ដោយពាក្យ សច្ចធម៌ យុត្តិធម៌ គឺនាងមិនមានផ្ទៃពោះទេគឺប្រើល្បិចយកឈើទៅរុំព័ទ្ធលើពោះឲ្យប៉ោងឡើងទេ។ អ្នកដែលបន្ទាបបន្ថោកបំផ្លាញសាសនាពិតប្រាកដ គឺមិនមែនអ្នកដែលត្រូវបានគេចោទទេ គឺជនអនាមិក បក្សពួកជនទុច្ចរិត ថោកទាប ដែលរួមគំនិតគ្នា ផលិត បង្កើត កាត់ត បង្ហោះព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយលើហ្វេសប៊ុកក្លែងក្លាយ ហើយអ្នកដែលជួយផ្សព្វផ្សាយបន្ត ជាសាធារណៈឯណោះទេ ដែលត្រូវមានទោសកំហុសក្នុងបទល្មើសឧក្រិដ្ឋពត៌មានវិទ្យា ផ្សាយពត៌មានមិនពិត ដែលនាំឲ្យប៉ះពាល់ដល់តម្លៃពុទ្ធសាសនាជាសកល តម្លៃសិទ្ធិជាឯកជនភាពបុគ្គលដទៃ ជាដើម បីដូចជា បុគ្គលម្នាក់ជាបុរសឬស្ត្រី ចូលបន្ទប់ទឹក ដើម្បីបន្ទោរបង់ ដោយការបិទបាំងកេរ្តិ៍ខ្មាសផ្សេងៗ ស្រាប់តែមានបុគ្គលម្នាក់ផ្សេងទៀត ទៅលួចថត ហើយយកទៅបង្ហោះជាសាធារណៈ តើរវាងភាគីទាំងពីរនេះ មួយណាមានទោសកំហុសខុសច្បាប់ធំជាងគេ គឺអ្នកលួចថត អ្នកបង្ហោះ អ្នកផ្សព្វផ្សាយ ចែកចាយបន្តនោះឯងហើយជាអ្នកមានទោសធំជាងគេ។

ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានរោងចក្រផលិត និងផ្សព្វផ្សាយពត៌មានក្លែងក្លាយជាច្រើន ហើយក៏សម្បូរទៅដោយបទចោទប្រកាន់ក្លែងក្លាយជាច្រើនកើតឡើងទៅលើសកម្មជនសិទ្ធិមនុស្ស , ដីធ្លី, សហជីព , សហគមន៍, អ្នកសារព័ត៌មាន និង អ្នកនយោបាយ ដែលបានបណ្តាលឲ្យអ្នកខ្លះរងគ្រោះជាប់គុកម្តងជាពីរដង អ្នកខ្លះភៀសខ្លួនរត់ចោលស្រុក អ្នកខ្លះត្រូវបានគេបាញ់សម្លាប់ជាដើម..។ ហើយក្រៅពីបញ្ហាទាំងអស់នេះ ក៏មានរឿងក្លែងក្លាយជាច្រើនទៀត បានកើតឡើង ដូចជា៖ ប្រជាធិបតេយ្យក្លែងក្លាយ, បោះឆ្នោតក្លែងក្លាយ, ឈ្នះក្លែងក្លាយ, លុយក្លែងក្លែងក្លាយ, ផលិតផលក្លែងក្លាយ, ភ័ស្តុតាងក្លែងក្លាយជាដើម។ ដូច្នេះរឿង ដែលកើតឡើងមួយចំនួនមិនសុទ្ធតែជារឿងពិតនោះទេ។

អាត្មាភាព លួន សុវ៉ាត សូមអំពាវនាវ និងសំណូមពរដល់ស្ថាប័នព្រះពុទ្ធសាសនា ចាត់វិធានការទុបស្កាត់ នូវរាល់ព័ត៌មានក្លែងក្លាយទាំងឡាយណា ឬ បុគ្គលទាំងឡាយណា ដែលមានចេតនា ផ្សព្វផ្សាយនាំឲ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃ ព្រះពុទ្ធសាសនាជារួម ត្រូវតែទុបស្កាត់ជាបន្ទាន់ ដូចជា ការប្រើពាក្យចំណងជើង អត្ថបទ សង្ឃល្មោភកាម ជាដើម គឺវាប៉ះពាល់ដល់សង្ឃទូទៅ។

សូមស្នើរដល់ស្ថាប័នសង្ឃអំណាចពុទ្ធចក្រ ត្រូវប្រើប្រាស់អំណាចពុទ្ធចក្រដើម្បីកាត់ក្តី វិនិច្ឆ័យវិន័យសង្ឃដោយសង្ឃ មិនត្រូវប្រើអំណាច អាណាចក្រ ប៉ូលីស តុលាការ មកចាត់ការដោះស្រាយរឿងវិន័យសង្ឃទេ។

– សូមស្នើរឲ្យសមត្ថកិច្ចស្នងការខេត្តសៀមរាប ត្រូវប្រគល់សម្ភារៈប្រើប្រាស់រួមមាន៖ ឡានជាដើម ដែលបានដកហូតយក ត្រូវប្រគល់ជូនក្រុមគ្រួសារអាត្មាវិញ ព្រោះឡាននិងសម្ភារៈទាំងនោះមិនមានទោសខុសច្បាប់ មិនជាប់ពាក់ព័ន្ធ និងវិន័យសង្ឃទេ

– សូមស្នើរដល់សមត្ថកិច្ចស្នងការខេត្តសៀមរាប បញ្ឈប់ការនាំខ្លួនអ្នកដទៃទៅសួរចម្លើយ និងបញ្ឈប់ការដកហូតសម្ភារៈផ្សេងៗ បញ្ឈប់ការគំរាម គំហែងបំភិតបំភ័យដល់ បងប្អូនក្រុមគ្រួសារអាត្មា និងព្រះសង្ឃដទៃក្នុងវត្ត

– បញ្ឈប់ការតាមស្វែងរកចាប់ខ្លួនអាត្មានិងដទៃ ព្រោះអាត្មាមិននៅឲ្យខ្លាខាំ ក្រពើស៊ី ពស់វែកចឹកទេ។

– សូមស្នើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការលើហ្វេសប៊ុកក្លែងក្លាយទាំងឡាយណា ដែលបង្កើតឡើងក្នុងន័យបំផ្លាញអ្នកដទៃ បំផ្លាញគ្រួសារអ្នកដទៃ បំផ្លាញជាតិ បំផ្លាញសាសនា ត្រូវចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ចោល ហើយចាប់ជនល្មើសដែលកាត់តរូបភាពអ្នកដទៃ ក្នុងន័យបង្កាច់បង្ខូចកិត្តិយសដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល យកទៅផ្តន្ទាទោសទៅតាមច្បាប់”៕

លួន សាវ៉ាត ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០

អត្ថបទដែលជាប់ទាក់ទង