សមត្ថកិច្ចជំនាញ បំបែកករណីក្រុមចិនចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ

ខេត្តព្រះសីហនុ៖ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ បានបង្ហាញប្រាប់របាយការណ៍សរុបស្តីពី លទ្ធផលការស្រាវ ជ្រាវស៊ើបអង្កេតបំបែកករណីចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ (បង្កដោយជនជាតិចិន និងជនជាតិចិន) គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០នាទី រហូតដល់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង០០នាទី ករណីនេះត្រូវបង្រ្កាបបានទាំងស្រុង ដោយសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន ០៤នាក់ និងបានរំដោះជនរងគ្រោះ។

កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងពីឈ្មោះ Tang XinJue ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៤ និង១០នាទី ទៀបភ្លឺ មិត្តភក្តិ របស់គាត់ (ជនរងគ្រោះ) ឈ្មោះ Wang WenXing ភេទប្រុស ត្រូវបានក្រុមជនជាតិចិនមួយក្រុមចាប់យកទៅបង្ខាំងទុក នៅទីកន្លែងមួយ បន្ទាប់មកក្រុមជនសង្ស័យ ក៏បានប្រើគណនីវីឆាត របស់ជនរងគ្រោះឈ្មោះ Wang WenXing មកប្រពន្ធជន រងគ្រោះ (នៅប្រទេសចិន) ជំរិតទារប្រាក់ចំនួន ៥០០.០០០Yuan (ហាសិបម៉ឺនយ័ន្ត) ជាការដោះដូរជាមួយជនរងគ្រោះ បើមិនព្រមវេរលុយឱ្យទេ ពួកវានឹងសម្លាប់ចោល។

លោកបន្ដថា ករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំសម្របសម្រួលពីលោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់និងសកម្ម ដើម្បីរំដោះជន រងគ្រោះ និងចាប់ជនសង្ស័យបានមួយចំនួន។

លោក ជួន ណារិន្ទ បន្តថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២២ និង ៣០នាទី កម្លាំងបាន សហការបានចាប់ជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន នៅតាមបណ្តោយផ្លូវជាតិទីរួមខេត្តកំពង់ស្ពឺ ខណៈជិះ រថយន្ត ១គ្រឿង ម៉ាក HighLander ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AN-4020 ហើយបានដកហូតយកវត្ថុតាង ទូរស័ព្ទចំនួន ៣គ្រឿង ក្នុងនោះមានទូរស័ព្ទ ១គ្រឿង ជារបស់ជនរងគ្រោះ និងស៊ីមកាតចំនួន២ (មធ្យោបាយជំរិតទារ ប្រាក់)។ បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលខេត្ត និងកំលាំងអន្តរាគមន៍ពិសេស បានបន្តធ្វើការស្រាវជ្រាវរំដោះជនរង គ្រោះទាំងយប់ ក្នុងស្ថានភាពស្រាត ដៃទាំងសងខាងមានជាប់ខ្សែស៊ីល និងកមានខ្សែចងជាប់ខ្លួន នៅចំណុចពយថ្មយក្ស (ក្នុងព្រៃជាប់មាត់សមុទ្រ) ឃ្លាតពីផ្លូវសម្តេចសង្ឃ ០២គីឡូម៉ែត្រ នៅភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែជនសង្ស័យ (ដែលយាមជនរងគ្រោះ) បានដឹងខ្លួនមុន ក៏រួចរត់ចូលក្នុងព្រៃជ្រៅ ខណៈនោះមេឃកំពុងភ្លៀងខ្លាំង តែកម្លាំងរបស់យើងនៅតែបន្តរុករកយ៉ាងសកម្ម។ រហូតដល់រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ០០នាទី ទើបយើងចាប់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ទៀត ដែលកំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ នៅចំណុចពយថ្មយក្ស។

លោកស្នងការបន្តថា ជនរងគ្រោះឈ្មោះ Wang WenXing ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មានស្រុកកំណើត ខេត្តហ៊ូណាន ប្រទេសចិន មុខរបររកស៊ី កាន់លិខិតឆ្លងដែនលេខៈ EA5813992 មានទីលំនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួសស្នាម ត្រង់ភ្នែក ដៃ ជើង និងពេញខ្លួនប្រាណធ្ងន់ធ្ងរ (អំពើធ្វើទារុណកម្ម)។

– ជនសង្ស័យចំនួន ០៤នាក់ មានឈ្មោះ ១- Wei ShunCheng ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តសានស៊ី ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន)

២- Teng JiaLiang ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តGuang Xi ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន)

៣- Song XiaLing ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មានស្រុក កំណើតខេត្តអានហ៊ួយ ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន)

៤- Zhang YiBo ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មានស្រុកកំណើត ខេត្តហ៊ឺណាន ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន)

ចំពោះវត្ថុតាងចាប់យកបានរួមមាន៖

– ទូរស័ព្ទចំនួន ០៣គ្រឿង (០១គ្រឿងម៉ាក HuaWei ពណ៌ខៀវ របស់ជនរងគ្រោះ ០១គ្រឿងម៉ាក i-Phone ពណ៌ទឹកមាស និង០១គ្រឿងទៀត ម៉ាក HuaWei ពណ៌ខៀវ)

– ស៊ីមកាតចំនួន០២ (មធ្យោបាយជំរិតទារប្រាក់)

– ខ្សែស៊ីល ០២ខ្សែរ (ចងដៃជនរងគ្រោះ)

– ខ្សែពួរ០១ (ចងកភ្ជាប់ជាមួយជើងជនរងគ្រោះ)

– ស្កុត (រុំដៃជនរងគ្រោះ)

– រថយន្ត០១គ្រឿងម៉ាក HighLander ពណ៌ទឹក ប្រាក់ ស្លាកលេខៈ ភ្នំពេញ 2AN-4020 (មធ្យោបាយចាប់ជនរងគ្រោះ)

ករណីនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ។

លោក ជួន ណារុន្ទ បន្តថា (ក្រុមជនសង្ស័យខាងលើនេះ ជាក្រុមជំនាញខាងធ្វើសកម្មភាពប្លន់ និង ចាប់ជំរឹតទារប្រាក់)៕

អត្ថបទដែលជាប់ទាក់ទង