រំពឹងអីទៀត បើមានតួនាទីជាមន្ត្រីនគរបាល ហើយបែរជាទៅជក់ ចែកចាយ​ និងរក្សាទុកគ្រឿងញៀន​ទៅវិញ..?

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកថា ថ្មីៗនេះ​មានករណីភ្ញាក់ផ្អេីល​មួយទៅលើសកម្មភាព របស់មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុម្នាក់ ដែលទំនងជាបែកថ្នាំក៏មិនដឹង បានយកខោអាវ ឬឯកសណ្ឋាននគរបាល របស់ខ្លួន មកបោះចោលនៅចំណុចម្តុំស្ថានីយ៍ប្រេងឥន្ទនៈ Sokimex និង​ Tela ស្ថិតក្នុងសង្កាត់លេខ៣​ ក្រុង-ខេត្តព្រះសីហនុ​ បន្ទាប់មកក៏ឡេីងជិះឡានក្រុងចេញទៅបាត់ធ្វើព្រងើយ។

ប្រជាពលរដ្ឋបញ្ជាក់ថា នៅលេីឯកសណ្ឋាន ឬហោប៉ៅអាវប៉ូលិសនោះ គេឃើញមានឈ្មោះ ស​ វាសនា​ អត្តលេខ​ ៦៨០៤១​ ពាក់សក្តិ២​ ហេីយក៏មានសក្តិ៣ថ្មី១ទៀតដែលទំនងជាត្រៀមឡេីងសក្តិផងក៏មិនដឹង..?។

ដោយឡែកតាមប្រភពពីមន្ត្រីនគរបាលខេត្តព្រះសីហនុ ស្នើមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ ម្ចាស់ឯកសណ្ឋាននេះ គឺពិតជាមន្ត្រីនគរបាលពិតមែន​ ហេីយបំរើការងារនៅការិយាល័យអគ្គិភ័យ​។

មន្ត្រីដដែលបន្តថា​ មន្ត្រីនគរបាលខាងលើនេះ ក៏ធ្លាប់ត្រូវបាននគរបាលសង្កាត់លេខ៣​ ចាប់ខ្លួនម្តងដែរពីបទចែកចាយ​ និងរក្សាទុកគ្រឿងញៀន​ ប៉ុន្តែមិនដឹងយ៉ាងម៉េច​ទេ មិនឃេីញថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានវិធានការសោះ​ទេ។

ទាក់ទិនបញ្ហានេះដែរ មន្ត្រីបំរើរងារនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  ក៏បានឲ្យដឹងដែរថា​ មន្ត្រីនគរបាលរូបនេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដាក់សំណេីរទៅលេី ដេីម្បីស្នើរដកចេញពីការងាររួចហេីយ​ ដោយនៅរង់ចាំតែប្រកាសធ្លាក់មកដល់តែប៉ុណ្ណោះ​។

យ៉ាងនេះក្តី គេហទំព័រ “កម្ពុជាថ្ងៃនេះ” ឬ www.camday.news នៅមិនទាន់អាចទាក់ទង លោក ស វាសនា ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់បាននៅឡើយទេ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង