សត្វត្រយងយក្សនៅកម្ពុជាមានប្រមាណ៣០០ក្បាល និងត្រយងចង្កំកសជិត៦០០ក្បាល

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ចំនួនសត្វត្រយងយក្ស ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា មានប្រមាណ ៣០០ក្បាល និងត្រយងចង្កំកស មានជិត ៦០០ក្បាល ដែលចំនួននេះ ខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ការជំរឿនសត្វត្រយង របស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន គឺត្រយងយក្ស ដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោក មានចំនួនប្រមាណ ៣០០ក្បាល ឬស្មើនឹង ៩៩ភាគរយ នៃសត្វត្រយងយក្សរបស់ពិភពលោក។ ក្នុងនោះសត្វត្រយងយក្សពេញវ័យមានក្រោម ២០០ ក្បាល។ ចំណែកសត្វត្រយងចង្កំកស មានចំនួនជិត ៦០០ក្បាល ឬស្មើនឹងប្រមាណ ៩៥ភាគរយ នៃសត្វត្រយងចង្កំកស នៅលើពិភពលោក។

ក្នុងឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានជាតិជិត ២០ស្ថាប័ន ទៅពិនិត្យលើការអនុវត្តគម្រោងការពារ និងអភិរក្សសត្វព្រៃ របស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) កាលពីថ្ងៃទី០៩ និងទី១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងដែនជម្រក សត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ក្នុងទឹកដីខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះ ត្រូវបានការពារដោយច្បាប់កម្ពុជា។ ហើតថា ប្រទេសកម្ពុជា គឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលជាប្រភេទសត្វ​ដែលរងគ្រោះបំផុត ជិតផុតពូជនៅលើពិភពលោក។

នៅឆ្នាំ២០០៥ សត្វត្រយងយក្ស ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។

លោក ភក្ត្រា បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ អភិរក្សសត្វត្រយងយក្ស និងស្វតត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត ដោយក្នុងនោះក្រសួងបរិស្ថាន ក៏បានសហការជាមួយអង្គការជាច្រើនមានដូចជា៖ អង្គការ WCS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារ និងអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកសនេះ តាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយង ដែលមិនត្រឹមតែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែធានាបាននិរន្តរភាពសម្រាប់ការប្រើប្រាសខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីគាំទ្រការអភិរក្ស ការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

ទាក់ទិនបញ្ហានេះ លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS បានឲ្យដឹងថា គម្រោងស្រូវសត្វត្រយង បានអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន បានធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារអស់រយៈពេល ១០ឆ្នាំមកហើយ ដើម្បីអភិរក្សកម្មវិធីលើកកម្ពស់ជីវភាពដែលផ្សាភ្ជាប់ជាមួយការអភិរក្ស ដែលផ្តល់ផលប្រយោជជន៍ជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋមូលដ្ឋាន។ គម្រោងស្រូវសង្គ្រោះសត្វព្រៃទាំងនោះរួមមាន៖ ការមិនកាប់ទន្ទ្រាន និងពង្រីកដីខុសច្បាប់, គោរពគោលការណ៍មិនបរបាញ់, មិនបរិភោគ និងជួញដូរសត្វព្រៃនិងអនុវត្តផលិតកម្មស្រូវតាមស្តង់ដារសរីរាង្គ។

លោក នេត្រ ភក្ត្រា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កសិករ ដែលចូលរួមជាមួយគម្រោងខាងលើ គឺមានការកើនឡើងពី ៣៥គ្រួសារ នឹងរំពឹងថា កើនដល់ ៧៥០ គ្រួសារ នៅក្នុងឆ្នាំ២០២០នេះ។

ការពង្រីកគម្រោងនេះ ត្រូវបានគាំទ្រដោយគម្រោងព្រៃឡង់បៃតង និងដៃគូសហការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមសត្វព្រៃ អង្គការសន្សំម្លប់ព្រៃ និងសហគមន៍មូលដ្ឋានដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។

រីឯបរិមាណផលិតស្រូវសត្វត្រយ៉ងដែលបានទិញពីកសិករនៅក្នុងមូលដ្ឋានបានកើនឡើងពី ៣៩តោន រហូតដល់ ១.២០០តោន នៅក្នុងឆ្នាំ២០១៩ ជាមួយការរំពឹងទុកសម្រាប់ឆ្នាំ២០២០ គឺ២០០០តោន។

គួរបញ្ជាក់ថា ផលិតផលស្រូវត្រយ៉ង បានទទួលវិញ្ញាបនបត្របញ្ជាក់ថា ជាផលិតផលសរីរាង្គ និងមិត្តភាពសត្វព្រៃ ហើយសព្វថ្ងៃត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងហុងកុង ហើយនៅឆ្នាំ២០២១ខាងមុខ ហើយ ក៏គ្រោងនឹងនាំចេញទៅប្រទេសអង់គ្លេស និងអូស្ត្រាលីបន្ថែមទៀតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង