ពលរដ្ឋចំនួន៦នាក់ បានស្លាប់ដោយពុលស្រាថ្នាំ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី ១១ ខែមិថុនា ឆ្នំា២០២០នេះថា ត្រឹមរយៈពេល ០៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៧ ដល់ ទី១១ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរចំនួន ០៦នាក់ បានស្លាប់ដោយសារពុលស្រា នៅខេត្តបន្ទាយមានជ័យ។

តាមខ្លឹមសារដើម របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចុះផ្សាយថា ករណីពុលស្រាខាងលើនេះ សរុបមានមនុស្សចំនួន ២៧នាក់ (ស្រី០១នាក់) ក្នុងនោះស្លាប់០៦នាក់។

ប្រភពដដែលបញ្ជាក់ថា ករណីពុលស្រានេះ កើតនៅក្នុងស្រុកម៉ាទ្បៃ ចំនួន ០៤កន្លែង និងក្រុងប៉ោយប៉ែត ចំនួន០៣កន្លែង បណ្តាលមកពីស្រាថ្នាំ ដែលមិនមានប្រភពច្បាស់លាស់។

ជុំវិញរឿងនេះ ក្រសួងសុខាភិបាល ក៏បានដាក់ចេញ វិធានការមួយចំនួន ដើម្បីចូលរួមទប់ស្កាត់ករណីពុលស្រានេះផងដែរ។

វិធានការទំាងនោះរួមមាន៖

១- បានបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យ និងយកចិត្តទុកព្យាបាលខ្ពស់ពីគ្រូពេទ្យជំនាញ

២- បានផ្តល់គោលករណ៍ណែនាំការព្យាបាលពីក្រសួងសុខាភិបាល

៣- បានផ្តល់ពិគ្រោះបច្ចេកទេសជាមួយគ្រូពេទ្យជំនាញថ្នាក់ជាតិ

៤- ត្រូវបញ្ជូនអ្នកជំងឺផ្សេងទៀតមកថ្នាក់ជាតិ បើមានសញ្ញាគ្រោះថ្នាក់តាមមគ្គុទេសណែនាំ

៥- បានធ្វើការសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ ដើម្បីរឹបអូស និងបញ្ឈប់ការចែកចាយបន្ត

៦- បានធ្វើការផ្សព្វផ្សាយអប់រំដល់សហគមន៍។

បន្ថែមពីនេះទៀតនោះ ក្រសួងក៏បានដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាស មានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេសក្នុងកំឡុងពេលកំពុងមានការផ្ទុះទ្បើង នៃជំងឺកូវីដ-១៩ ព្រោះទទួលទានស្រា បណ្តាលឱ្យពលរដ្ឋធ្វេសប្រហែស និងងាយឆ្លងជំងឺកូវីដ-១៩។

យោងតាមទិន្នន័យការពុលស្រាកន្លងមក នៅតែជាបញ្ហាប៉ះពាល់សុខភាព និងប៉ះពាល់អាយុជីវិត របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន..។

ខាងក្រោមនេះ ជាតួលេខធ្លាប់ពុលស្រាកន្លងមក៖

– ក្នុងឆ្នាំ ២០១៥÷ ចំនួនករណីពុលស្រាមាន ២៨៤ករណី ក្នុងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន ០៣គឺ ខេត្តត្បូងឃ្មុំ , ក្រចេះ និងមណ្ឌលគីរី។

– ក្នុងឆ្នាំ ២០១៦÷ ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥នាក់ កើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង។

– ក្នុងឆ្នាំ២០១៧ ÷ ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់០២នាក់ នៅខេត្តមណ្ឌលគីរី

– ក្នុងឆ្នាំ២០១៨÷ ចំនួនករណីពុលស្រាមានចំនួន ២០៣ករណី ក្នុងនោះស្លាប់ ០៩នាក់ នៅខេត្តក្រចេះ និងកំពត។

ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមពុលអាហារជាច្រើន ដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់។

យ៉ាងនេះក្តី ក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជា មួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា។

ផ្តើមពីបញ្ហានេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមេត្តាចុះពង្រឹងការត្រួតពិនិត្យសិប្បកម្មនិងទីតាំងផលិតស្រា ជាពិសេសលប់បំបាត់ទីតាំងផលិតស្រា ដែលមិនមានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ៖ ១១៥៕

ប្រភព៖ Fresh News

អត្ថបទដែលជាប់ទាក់ទង