សមត្ថកិច្ចបញ្ចូនសំណុំរឿងម្ចាស់ហាងចិត្តកំណាចឈ្មោះ កាន់ វុទ្ធី ដែលប្រើហឹង្សាលើបុគ្គលិកខ្លួន ឲ្យរងរបួសធ្ងន់ទៅតុលាការផ្តន្ទាទោស

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ កាន់ វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាង ធារ៉ា មានទីតាំងនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបានបង្កហឹង្សា លើបុគ្គលិករត់តុ ឬបំរើសេវាដល់ភ្ញៀវ របស់ខ្លួន ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។

សមត្ថកិច្ច បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃើញវីដេអូខ្លីបរយ:ពេល ០៣នាទី អំពីករណីម្ចាស់ភោជនីយ៍ដ្ឋានមួយឈ្មោះ ធារ៉ា មានជម្លោះជាមួយភរិយា ហើយឃើញដូច្នេះ ទើបបុគ្គលិករងគ្រោះរូបនោះ ក៏បានចូលទៅឃាត់។ ប៉ុន្តែ រំពេចនោះបុរសជាប្តី (ជនសង្ស័យ) ដែលជាម្ចាស់ហាង ធារ៉ា ក៏បានប្រើអំពើហឹង្សាយកចានគប់ និងទាត់ធាក់បុគ្គលិក បណ្តាលឱ្យរងរបួសធ្ងន់។

សមត្ថកិច្ចបន្តថា អំពើហឹង្សាខាងលើនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង៣០នាទីយប់ នៅចំណុចផ្លូវលេខ១០៨ កែង៥១ សង្កាត់វត្តភ្នំ ប៉ុន្តែជនរងគ្រោះជាបុគ្គលិក ពុំបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនោះទេ។

យ៉ាងនេះក្តី លុះមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី សមត្ថកិច្ច ក៏បានទទួលព័ត៌មានអំពីករណីបង្កហឹង្សានេះ រួចក៏បានទាក់ទងទៅលោកនាយប៉ុស្តិ៍សង្កាត់វត្តភ្នំ ឲ្យចាត់វិធានការភ្លាមៗ ដោយលោកនាយប៉ុស្តិ៍បានធ្វើការកោះហៅជនបង្កឱ្យចូលខ្លួន ដើម្បីធ្វើការសាកសួរទាក់ទងនឹងករណីបង្កអំពើហឹង្សា ទៅលើបុគ្គលិក របស់ខ្លួននេះ។

ចំពោះបញ្ហានេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងសួរចម្លើយម្ចាស់ហាងយីហោ ធារ៉ា ឈ្មោះ កាន់ វុទ្ធី ដែលជាជនបង្កហឹង្សា ដើម្បីឈានទៅកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធីតាមច្បាប់៕

(ប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អត្ថបទដែលជាប់ទាក់ទង