អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង កំពុងជួយ​សង្គ្រោះ​ត្រី​ដែលនៅ​សល់ ក្នុង​ក​សិន្ធុ​ប្រាសាទបាគង ដោយ​ដឹក​ទឹក​ចាក់បញ្ចូល

ខេត្ត​សៀមរាប​៖ អភិបាលស្រុក​ប្រាសាទបាគង លោក សូ​ ប្លា​តុង បានឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែមិថុនា​ ឆ្នាំ២០២០ថា កាលពី​ថ្ងៃទី​០៨ ខែមិថុនា មាន​ត្រី​ប្រា​ប្រមាណ​ជា​១៣​ក្បាល​ បាន​ស្លាប់​ជា​បន្តបន្ទាប់ មូលហេតុ​ដោយសារ​ទឹក​នៅ​ក​សិ​ន្ទុ​ប្រាសាទ​ បាន​រីង​ហួត​រាក់​ធ្វើឱ្យ​ទឹក​ដែលនៅសល់តិចបានឡើងក​ម្តៅខ្លាំង។

លោកបន្តថា ដោយ​ពិនិត្យឃើញ​ស្ថានភាពបែបនេះ ទើបកាលពី​ថ្ងៃទី​១០ ខែមិថុនា អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​បាន​រិះរក​វិធានការ​ដោះស្រាយ​ជាបន្ទាន់​ដោយ​ស្នើសុំ​រថយន្ត​ពន្លត់អគ្គីភ័យ​ពី​ស្នងការ​នគរបាល និង​ស្ថាប័ន​ផ្សេងៗ ចំនួន​០៥​គ្រឿង ឲ្យជួយដឹក​ទឹក​យកមក​បញ្ចូល​ក្នុង​ក​សិន្ធុ​ប្រាសាទបាគង ចាប់ពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា​រហូតមក ដើម្បីជួយសង្គ្រោះ​ត្រី ដែល​នៅ​សេសសល់​។​

​លោក សូ​ ប្លា​តុង បាន​បន្តថា ដើម្បី​សង្គ្រោះ​ត្រី ដែល​នៅ​សេសសល់ អាជ្ញាធរ​ បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​ ០៣​ចំណុច​រួមមាន៖

ទី​១​÷ សមត្ថកិច្ច​បាន​យក​រថយន្ត​ដឹក​ទឹក​ពី​ក្រៅ មក​បញ្ចូល​ក្នុង​ក​សិន្ធុ ដើម្បីឱ្យ​ត្រី​នៅ​សេសសល់​អាច​បន្តរ​ស់បាន

ទី​២​÷ ការបុក​អណ្តូងទឹក​ដើម្បី​បូមទឹក​ប​ញ្ជូ​ល​ទៅក្នុង​ក​សិន្ធុ​នេះ

ទី​៣​÷ កម្លាំង​ប្រជា​ការពារ​ពី​ ៥០​ទៅ​ ៦០​នាក់ ឱ្យបន្ត​កាយ​ភក់​ចេញ ពីក​សិន្ធុ​ ដើម្បីឱ្យ​ជ្រៅ​បន្តិច។ ហើយ​ថា នៅ​ថ្ងៃ​បន្ត​បន្ទា​ប់ នឹងមាន​កម្លាំង​ពី​អាជ្ញាធរ​អប្សរា​ ចូលរួម​ជួយបន្ថែមទៀត​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី០៨​ខែមិថុនា​ ឆ្នាំ២០២០ ប្រជាពលរដ្ឋ​រួមជាមួយ​ព្រះសង្ឃ​ បាន​ប្រទះឃើញ​ត្រី​ងាប់​ជា​បន្តបន្ទាប់ ដោយសារតែ​ទឹក​ក្នុង​ក​សិន្ធុ​ប្រាសាទបាគង​ បានរីង​រាក់​ធ្វើឱ្យទឹក ដែលនៅសល់តិចឡើង​កម្តៅ​ខ្លាំង។

ចំពោះវិធានការសង្គ្រោះត្រីបន្ទាន់ គឺ​មាន​ត្រី​មួយចំនួន​ ត្រូវបាន​នាំយកទៅដាក់​ ក្នុងស្រះ​ផ្សេង និង​បាន​យក​សត្វ​ក​ន្ទា​យ​ដ៏​ធំ​មួយ​ទៅ​ប្រោះ​ទុក​នៅ​អាង​ក្នុង​វត្ត​មានទីតាំងនៅជិតតំបន់នោះផងដែរ​៕

ប្រភព៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

អត្ថបទដែលជាប់ទាក់ទង