ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំភ្លឺចំពោះការចុះផ្សាយថា មានមន្ត្រីនគរបាលខេត្តនេះម្នាក់ទំនងជាបែកថ្នាំ..!

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺតបទៅបណ្តាញសង្គមហ្វេសប៊ុក ចំពោះករណីបានបង្ហោះថា មានមន្រ្តីនគរបាលខេត្តព្រះសីហនុម្នាក់ ទំនងជាបែកថ្នាំហើយយកឯកសណ្ឋាន របស់ខ្លួន ទៅបោះចោលនៅការ៉ាស់សាំងសូគីមិច ក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ..។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មានគណនេយ្យហ្វេសប៊ុកឈ្មោះ Chum Phearum បានបង្ហោះរៀបរាប់ថា៖ “មានករណីភ្ញាក់ផ្អើលនឹងមន្រ្តីនគរបាលខេត្តព្រះសីហនុម្នាក់ ដែលទំនងជាបែកថ្នាំបានយកខោអាវនគរបាល របស់ខ្លួនមកបោះចោលនៅការ៉ាស់សាំង sokimex និង Tela ស្ថិតក្នុងសង្កាត់៣ ខេត្ត-ក្រុងព្រះសីហនុ រួចឡើងឡានក្រុងចេញទៅបាត់”។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបំភ្លឺថា អតីតមន្រ្តីនគរបាលរូបនេះ ត្រូវបាន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារឲ្យការិយាល័យបុគ្គលិក ធ្វើការណែនាំ ជាច្រើនដងរួចមកហើយ និងបានធ្វើការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុរួចហើយផងដែរ។

ដូចបានជំរាបជូនខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនព័ត៌មានដល់សាធារណជនទូទៅ ឲ្យបានជ្រាបជាដំណឹង និងកុំឲ្យមានមន្ទឹលសង្ស័យតទៅទៀត។

សូមបញ្ជាក់ថា នៅលេីឯកសណ្ឋាន ឬហោប៉ៅអាវប៉ូលិសនោះ គេឃើញមានឈ្មោះ ស​ វាសនា​ អត្តលេខ​ ៦៨០៤១​ ពាក់សក្តិ២​ ហេីយក៏មានសក្តិ៣ថ្មី១ទៀតដែលទំនងជាត្រៀមឡេីងសក្តិផងក៏មិនដឹង..?។

តាមប្រភពពីមន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា​ ម្ចាស់ឯកសណ្ឋាននេះ គឺពិតជាមន្ត្រីនគរបាលពិតមែន​ ហេីយធ្លាប់បំរើការងារនៅការិយាល័យអគ្គិភ័យ​។

មន្ត្រីដដែលបន្តថា​ មន្ត្រីនគរបាលខាងលើនេះ ក៏ធ្លាប់ត្រូវបាននគរបាលសង្កាត់លេខ៣​ ចាប់ខ្លួនម្តងដែរពីបទចែកចាយ​ និងរក្សាទុកគ្រឿងញៀន​៕

អត្ថបទដែលជាប់ទាក់ទង