ខេត្តព្រះសីហនុ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅចុងឆ្នាំ២០២០នេះ

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការងារគ្រប់គ្រងឆ្នេរខ្សាច់ និងការត្រៀមរៀបចំបុណ្យសមុទ្រជុំទី៣ ដែលត្រៀមរៀបឡើងនៅខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ មានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍ អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ។

នាឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានឲ្យដឹងថា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ហើយនឹងរៀបចំគណៈកម្មអន្តរក្រសួងរៀបចំបុណ្យសមុទ្រនៅចុងខែធ្នូ ឆ្នាំ២០២០នេះ។

លោក ថោង ខុន បន្តថា នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ គឺប្រទេសកម្ពុជាយើង មានរៀបចំព្រឹត្តិការណ៍ចំនួន២រួមមាន៖

ទី១- រៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ

ទី២- រៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅខេត្តសៀមរាប នៅដើមឆ្នាំ២០២១។

លោកបន្តថា បុណ្យសមុទនៅខេត្តព្រះសីហនុ មានជម្រើស២៖ ទី១- ធ្វើផ្ទៃក្នុង និងទី២ – ជាលក្ខណៈបើកទូលាយ ដោយមានការចូលរួមពីបណ្តាប្រទេសនានា ដែលរង់ចាំការសម្រេចពីក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ព្រោះពិភពលោកកំពុងជួបវិបត្តិ Covid-១៩។

លោករដ្ឋមន្ត្រី ថោង ខុន បន្តថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងមមាញឹក មានផ្លូវ ៣៤ខ្សែ និងឆ្នេរខ្សាច់ជាង ៩គីឡូ ម៉ែត្រ ហើយប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការកោតសរសើរ ព្រមទាំងអបអរសាទរ ដែលជាស្នាដៃកូនខ្មែរ ជាអ្នកគូសប្លង់ និងសាងសង់ ហើយខ្មែរធ្វើបាន ដែលសមិទ្ធផលទាំងនេះ ឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ជម្រុញដល់កំណើនទេសចរ និងសេដ្ឋកិច្ច។

លោក ថោង ខុន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា បច្ចុប្បន្ននេះ ភ្ញៀវក្នុងស្រុកមានប្រមាណ ៦០ម៉ឺននាក់ក្នុងមួយខែ កាលមិនទាន់មាន Covid-១៩ ភ្ញៀវក្នុងស្រុកមានជាង ១លាននាក់ ក្នុងមួយខែ។

លោកថា ទេសចរក្នុងស្រុកដំណើរការ គឺបានជួយដល់សេដ្ឋកិច្ចក្នុងស្រុក បានមួយផ្នែក ហើយយើងបានលើកទឹកចិត្ត និងធ្វើការណែនាំអំពីសុវត្ថិភាព និងសុខុមាលភាពដល់ភ្ញៀវក្នុងស្រុក ធ្វើឱ្យវិស័យទេសចរណ៍រក្សាបាននូវគុណភាព និងសេវាកម្មដោយធានាថា មិនមានផលប៉ះពាល់ដល់ភ្ញៀវទេសចរ ដោយតម្រូវពាក់ម៉ាស់ លៀងសម្អាតដៃ រក្សាគម្លាតពីគ្នា និងការធ្វើអនាម័យជាដើម។

លោក ថោង ខុន បន្តថា ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ដែលមានផ្លូវ ឆ្នេរសមុទ្រ និងកោះ។ ចំពោះករណីនេះ យើងក៏ត្រូវរៀបចំកន្លែងចតឡាន បង្គន់អនាម័យ បញ្ជរព័ត៌មាន ដើម្បីក្លាយជាគោលដៅទេសចរណ៍ទាក់ទាញ។

ចំណែក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ មានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣។ លោកថា បុណ្យសមុទ្រឆ្នាំនេះ យើងបានជ្រើសរើសយកទីតាំងរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅផ្លូវប្រសព្វមហាវិថីរាម និងមហាវិថីជំទាវម៉ៅ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី៣នេះ ដោយមានរៀបចំពិពណ៌ពាណិជ្ជកម្ម និងផលិតផលខ្មែរ។ ដូច្នេះកងកម្លាំងមានសមត្ថកិច្ច ត្រូវចុះទៅសិក្សាទីតាំង ដើម្បីការពារសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ហើយក្នុងនោះ មន្ទីរ អង្គភាពពាក់ព័ន្ធនានា ក៏ត្រូវត្រៀមរៀបចំប្រព័ន្ធទឹក ភ្លើង ដើម្បីឱ្យពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយរលូននាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង