បុរសជនជាតិខ្មែរម្នាក់ ដែលវិលពីហ្វីលីពីន បានជាសះស្បើយ​ពី​ជំងឺកូវីដ​-១៩

រាជធានីភ្នំពេញ៖ តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​កម្ពុជា ចេញផ្សាយនៅព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បាន​ឲ្យដឹងថា បុរស​ជនជាតិខ្មែរ​ អាយុ​២៦ឆ្នាំ មានទីលំនៅ​ស្រុកកំពង់ត្រាច ខេត្ត​កំពត ជាអ្នក​ដំណើរ​ ដែលវិល​ត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន​ ពេលនេះបានជាសះស្បើយ​ពីជំងឺកូវីដ​-១៩ហើយ និង​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀតរួចហើយដែរ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីជាសះស្បើយ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ នៅ​សល់អ្នកជំងឺកូវីដ​-១៩ ដែលកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សល់ចំនួន០២នាក់ទៀត។

គួររំលឹកថា គិត​ចាប់តាំងពីដើមខែមករា ឆ្នាំ២០២០ មក​ទល់ថ្ងៃទី១៧ ខែមិថុនានេះ កម្ពុជា​ មាន​អ្នក​ផ្ទុកវីរុស​កូវីដ​-១៩​ សរុប​ចំនួន ១២៨នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១២៦នាក់ និងនៅសល់អ្នកជំងឺ០២នាក់ កំពុងសម្រាកព្យាបាល។

ព្រមជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលកម្ពុជា ក៏បានតម្រូវឲ្យជនបរទេសទាំងឡាយណា ដែលចង់ចូលក្នុងប្រទេសកម្ពុជា តម្រូវឲ្យតម្កល់លុយចំនួន ៣ពាន់ដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង