អភិបាលក្រុងព្រះសីហនុ មិនអនុញ្ញាតឲ្យលក់ដូរលើដីចំណីផ្លូវទៀតទេ ព្រោះនាំឲ្យបាត់សោភ័ណភាពក្រុង

ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានជូនដំណឹងដល់ប្រជាពលរដ្ឋ ឬអាជីវករ ដោយហាមមិនឲ្យយកចិញ្ចើមផ្លូវសាធារណៈ ឬដីចំណីផ្លូវ ដើម្បីដាក់លក់សម្ភារៈ ឬចំណីអាហារផ្សេងៗតាមគ្រប់រូបភាពទៀតទេ ប្រយោជន៍រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាព ក្រុងទេសចរណ៍មួយនេះ ឲ្យកាន់តែប្រសើរឡើង។

សារជូនដំណឹង របស់លោក អ៊ី សុខឡេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងជំនួបជាមួយប្រជាពលរដ្ឋ និងអាជីវកររាប់រយនាក់ នាសាលប្រជុំ របស់សាលាក្រុងព្រះសីហនុ។

នាឱកាសនោះ លោក អ៊ី សុខឡេង បានសង្កត់ធ្ងន់ថា ដាច់ខាតមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ឬអាជីវករលក់ដូរអនាធិបតេយ្យលើចិញ្ចើមផ្លូវ និងចំណីផ្លូវ ក្នុងក្រុងព្រះសីហនុបន្តទៀតទេ។ ហើយថា បំរាមនេះ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ បានទុកពេលឲ្យអ្នកលក់ដូរទាំងនោះ ត្រឹមថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០។

លោក អ៊ី សុខឡេង បញ្ជាក់ថា ការយកចិញ្ចើមផ្លូវ ឬដីចំណីផ្លូវសាធារណៈ ដើម្បីដាក់លក់ចំណីអាហារ និងអាហារហូបចុកផ្សេងៗ បាននាំឲ្យបាត់បង់សោភ័ណភាព អនាម័យ បរិស្ថាន និងរបៀបរៀបរយ ក្នុងទីក្រុងដ៏សុីវិល័យមួយនេះ។

លោកអភិបាលក្រុងព្រមានថា ក្នុងករណីប្រជាពលរដ្ឋ ឬអ្នកលក់ដូរទាំងឡាយណា ដែលមិនអនុវត្តតាមការណែនាំ របស់អាជ្ញាធរទេ នឹងចាប់យកសម្ភារៈទាំងអស់ យកមករក្សាទុកនៅសាលាក្រុងព្រះសីហនុ ដោយមិនប្រគល់ជូនវិញទេ៕

អត្ថបទដែលជាប់ទាក់ទង