អនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ លោក សេង សុខណាក់ បដិសេធថាមិនបានផ្អឹបទុកឯកសារកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដីធ្លីពលរដ្ឋទុកចោលយូរខែទេ គឺមានតែជួយពន្លឿនជូនពលរដ្ឋ

ខេត្តព្រះសីហនុ៖ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ លោក សេង សុខណាក់ បានបំភ្លឺតាមរយៈគេហទំព័រ”កម្ពុជាថ្ងៃនេះ” ឬ www.camday.news ថា រូបលោកមិនបានផ្អឹបទុកឯកសារកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដីធ្លី របស់ប្រជាពលរដ្ឋមានរយៈពេលយូរខែ ដូចការចោទប្រកាន់នោះទេ ប៉ុន្តែផ្ទុយទៅវិញ រូបលោក ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរសុរិយោដី និងមន្ត្រីជំនាញក្មុងស្ថាប័ននេះទាំងអស់ បានខិតខំជួយជំរុញលើការងារបម្រើសេវាខាងលើនេះ ជូនប្រជាពលរដ្ឋទាំងយប់ថ្ងៃ ដោយមានពេលខ្លះ មិនបានឈប់សម្រាកថ្ងៃចុងសប្តាហ៍ផងទេ។

លោកបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរសុរិយោដីខេត្តព្រះសីហនុ បានបង្កើតឲ្យមានមន្ត្រីជំនាញមួយក្រុម ដើម្បីតាមដានឯកសារ របស់ប្រជាពលរដ្ឋជាប្រចាំ ប្រយោជន៍ជួយពន្លឿនលើសេវាកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដីធ្លី និងផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាដើម ជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងមិនធ្វេសប្រហែសឡើយ ពោលគឺធ្វើយ៉ាងណាឲ្យបានឆាប់រហ័ស។

និយាយដល់ចំណុចនេះ លោក សេង សុខណាក់ អនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធ ដែលអាចមន្ត្រីធ្វើការមានការខ្វះចន្លោះ ឬគិតថា មានការយឺតយ៉ាវក្នុងការទទួលសេវាកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដីធ្លី និងសេវាផ្សេងៗ សូមទាក់ទងមករូបលោក ដោយបង្ហាញលេខក្បាលដី ឬលេខបង្កាន់ដៃ សំគាល់ក្បាលដីក៏បាន ដើម្បីឲ្យមន្ត្រីជំនាញជួយស្រាវជ្រាវបន្ត និងជួយពន្លឿនឲ្យបានឆាប់។

លោក សេង សុខណាក់ ឲ្យដឹងដូច្នេះ រួចបន្តថា សូមបងប្អូនប្រជាពលរដ្ឋ ដែលគិតថា ឯកសារ
របស់ខ្លួន មានការយឺតយ៉ាវលើសេវាកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដីធ្លី សូមជួយប្រាប់លោក និង សូមបង្ហាញលេខក្បាលដី​ ឬលេខបង្កាន់ដៃក៏បាន​ រូបលោក នឹងចាត់ចែងជូន ឬស្រាវជ្រាវជូនភ្លាម​ ព្រោះរូបលោក ក៏ចង់ដឹងដែរ​ ថាតេីឯកសារណាមួយ ដែលរូបលោកទុកមិនធ្វេីជូនប្រជាពលរដ្ឋ​ ដោយហេតុថា កន្លងមករូបលោក មិនដែលបានធ្វេីរបៀបនេះ​ម្តងណាទេ គឺមានតែជំរុញឲ្យមន្ត្រីគ្រប់ផ្នែកទាំងអស់ ជួយពន្លឿនបម្រេីសេវាទាំងអស់នេះ ជូនប្រជាពលរដ្ឋ ឲ្យបានរហ័សទាន់ចិត្តតាមអាចធ្វើទៅបាន..។

ប្រតិកម្ម របស់ សេង សុខណាក់ អនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុបែបនេះ បានកើតឡើង ក្រោយពេលមានប្រជាពលរដ្ឋ និងក្រុមហ៊ុនអចលនទ្រព្យមួយចំនួន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានរិះគន់សកម្មភាពអនុវត្តការងារ ជំនាញ របស់លោក ទាក់ទិនឯកសារកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិជាដើម មានការយឺតយ៉ាវ ឬផ្អឹបទុកអូសបន្លាយពេលយូរខែ ដែលបង្កផលវិបាកដល់ប្រជាពលរដ្ឋ ក្នុងការពង្រីកមុខរបរជាដើម។

យ៉ាងនេះក្តី លោក សេង សុខណាក់ អនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ បានច្រានចោលរាល់ការចោទប្រកាន់ របស់ប្រជាពលរដ្ឋមួយចំនួន ដែលចោទរូបលោកថា បានផ្អឹបទុកឯកសារកាត់ឈ្មោះ ឬឯកសារផ្ទេរកម្មសិទ្ធិដីធ្លី មានការយឺតយ៉ាវ ថាជារឿងមិនពិតទាល់តែសោះ និងនាំឲ្យប៉ះពាល់ដល់កិត្តយសការងាររបស់លោកថែមទៀតផង។ ជាពិសេសជាងនេះ នាំឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងារបំរើសេវាជូនប្រជាពលរដ្ឋ ដែលរូបលោក បានខិតខំបំពេញការងារស្ទើររកពេលសម្រាកគ្មាននោះ៕

អត្ថបទដែលជាប់ទាក់ទង