ពលរដ្ឋប្រើមធ្យោបាយម៉ូតូកង់បី និងឡានឆ្នៃ ដាក់លក់សម្ភារៈប្រើប្រាស់ និងម្ហូបអាហារនៅលើផ្លូវ ចាប់ផ្តើមចាក់ចេញ

ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមកពីបណ្តាខេត្តផ្សេងៗ ចូលមកប្រកបអាជីវកម្ម នៅក្នុងក្រុងព្រះសីហនុ ដោយប្រើមធ្យោបាយម៉ូតូកង់បី និងឡានឆ្នៃ ដាក់លក់សម្ភារៈប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រីសាច់ សំពីងសំពោង ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង គឺពេលនេះ បានចាក់ចេញពីទីក្រុងព្រះសីហនុ ជាបណ្តើយៗហើយ តាមផ្លូវជាតិលេខ៤។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយវិធានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋ ដែលប្រើមធ្យោបាយចល័ត ដើម្បីរកប្រាក់ចំណូលមានដូចជា៖ រទេះរុញ, ម៉ូតូកង់បី និងឡានឆ្នៃ ដែលតែងតែចតនៅលើដងផ្លូវ, លើចិញ្ចើមផ្លូវ, តាមឆ្នេរ និងទីតាំងសាធារណៈ នានា ដើម្បីដាក់លក់សម្ភារៈប្រើប្រាស់ និងម្ហូបអាហារ ត្រី សាច់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ឲ្យបញ្ឈប់ការយកដងផ្លូវ, ចិញ្ចើមផ្លូវ, ចំណីឆ្នេរ និងទីសាធារណៈជាបន្តទៀត។

នាឱកាសនោះ លោក អ៊ី សុខឡេង ថែមទាំងបានព្រមានថា ក្នុងករណីប្រជាពលរថ្ឋ ឬអ្នកលក់ដូរខាងលើ មិនអនុវត្តតាមការណែនាំ របស់ រដ្ឋបាលក្រុងព្រះសីហនុទេ អាជ្ញាអរ នឹងប្រើវិធានការរដ្ឋបាល ចាប់យកមធ្យោបាយទាំងនោះ យកមករក្សាទុកនៅសាលាក្រុង ដោយចាប់លើកទី០១ រក្សាទុកចន្លោះ ពី ០១ ទៅ ០២សប្តាហ៍ និងចាប់លើកទី០២ នឹងមិនប្រគល់សម្ភារៈទាំងអស់នោះ ឲ្យម្ចាស់វិញទេ។

លោក អ៊ី សុខឡេង បន្តថា រដ្ឋបាលក្រុង ព្រះសីហនុ មិនហាមឃាត់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលចង់ប្រកបអាជីវកម្ម ឬ ប្រកបមុខរបរខាងលើ នៅក្នុងក្រុងព្រះសីហនុនោះទេ ប៉ុន្តែសូមរកទីតាំងច្បាស់លាស់ និងស្របច្បាប់ ដើម្បីប្រកបអាជីវកម្ម ដោយមិនអាចយកដងផ្លូវ, ចិញ្ចើមផ្លូវ ចំណីឆ្នេរ និងទីសាធារណៈប្រកប ដើម្បីធ្វើអាជីវកម្មនោះទេ។

ត្រង់ចំណុចនេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បញ្ជាក់ថា ជាការកត់សម្គាល់ ប្រជាពលរដ្ឋ ដែលប្រើមធ្យោបាយចល័តដូចជា៖ រទេះរុញ, ម៉ូតូកង់បី និងឡានកែឆ្នៃ សម្រាប់ដាក់លក់សម្ភារៈប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រីសាច់ ចតលក់ដូរលើដងផ្លូវ, លើចិញ្ចើមផ្លូវ , តាមឆ្នេរ និងទីតាំងសាធារណៈ គឺបានបង្កការលំបាកជាច្រើនរួមមាន៖

១- បង្កឲ្យស្ទះចរាចរណ៍ និងអាចគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ

២- បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម

៣- បាត់បង់សោភ័ណភាពទីក្រុង

៤- ការលក់ដូរ មិនបានវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ បង្កផលប៉ះពាល់បរិស្ថាន

៥- អ្នកលក់ដូរតាមរទេះរុញ, ម៉ូតូកង់បី និងឡានចល័តទាំងនេះ មិនមែនអ្នករស់នៅក្រុងព្រះសីហនុ ឬ ខេត្តព្រះសីហនុ )នោះទេ ដោយភាគច្រើនបំផុត គឺមកពីបណ្តាខេត្តផ្សេងៗ

៦- អ្នកលក់ដូរតាមម៉ូតូកង់បី និងឡានចល័តភាគច្រើន បានប្រាប់ថា ពួកគាត់ស្នាក់នៅក្នុងម៉ូតូកង់បី និងក្នុងឡានចល័តរបស់ខ្លួន។ រីឯអ្នកខ្លះ បានប្រាប់ថាស្នាក់នៅក្នុងដីឡូតិ៍ដែលម្ចាស់មិនរស់នៅ..។ បើដូច្នេះមែន គឺដីចិញ្ចើមផ្លូវ, ដីអូរ, ដីឆ្នេរ, ដីសាធារណៈ និងដីម្ចាស់មិនបានមើលថែ ប្រាកដជាក្លាយជាមុខសញ្ញា សម្រាប់ពួកគាត់រំលោភសាងសង់កន្លែងស្នាក់នៅអចិន្ត្រៃយ៍មិនខាននាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង