កម្ពុជា អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូលមក​​ឡើងវិញ ​ប៉ុន្តែត្រូវ​អនុវត្តតាម​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩

រាជធានី​ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញ​លិខិត​ គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយក្នុង​កម្មវត្ថុស្តីពីការអនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូលមក​កម្ពុជា​ឡើងវិញ​។

ការសម្រេច​ឲ្យ​ពលរដ្ឋ​វៀតណាម អាចធ្វើ​ដំណើរ​ចូលមក ក្នុង​ប្រទេស​កម្ពុ​ជា​ឡើងវិញ នាពេលនេះ បានធ្វើ​ឡើងតាម​ចំណារ​ឯកភាព​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​។​

​​លិខិត​របស់​ក្រសួងការបរទេសកម្ពុជា ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ បាន​លើកឡើងថា «​ចាប់ពីពេលនេះ​តទៅ ជាមួយ​វៀតណាម-កម្ពុជា ​នឹង​អនុវត្ត​សេចក្តីប្រកាស​ចុងក្រោយ ​របស់​គណៈកម្មកា​រ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ដូចដែល​បាន​អនុវត្ត​កន្លង​រួចមកហើយ ជាមួយ​ប្រទេស​ដទៃទៀត ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល-ចេញ​ព្រះរាជាណាចក្រ​កម្ពុជា និង​តម្រូវ​ឲ្យ​ពលរដ្ឋ​វៀតណាម​អស់ទាំងនោះ អនុវត្តតាម​វិធានការ​សុខាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-​១៩»​។​

​លិខិតក្រសួងការបរទេស បាន​បន្ថែមថា ពលរដ្ឋ​វៀតណាម ជាពិសេស​អ្នកបច្ចេកទេស វិនិយោគិន និស្សិត និង​ពលរដ្ឋ​វៀតណាម​ផ្សេងទៀត អាចនឹងទទួល​បាន​ទិដ្ឋាការ​ផ្សេងៗ លើកលែងតែ​ទិដ្ឋាការ​ទេសចរណ៍ ស្របតាម​អនុក្រឹត្យ​លេខ​១២៣ អនុ​ក្រ​.​បក ស្តីពី បែបបទ​សម្រាប់​អនុវត្ត​ ចំពោះ​ការអនុញ្ញាត​ឲ្យ​ជនបរទេស មិនមែន​អន្តោប្រវេសន៍ ចូល ចេញ និង​ស្នាក់អាស្រ័យ​នៅ​កម្ពុជា​។​

​សូម​រម្លឹកថា អំឡុងពេល​ផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ គឺ​វៀតណាម បាន​បិទ​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ចេញចូល​ប្រទេស​វៀតណាម លើកលែងតែ​ទំនិញ​ឆ្លងកាត់​ព្រំដែន​។ ក្នុងនោះ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ដោយ​ពលរដ្ឋ​វៀតណាម និង​ការធ្វើដំណើរ​ចូល​ប្រទេស​វៀតណាម ដោយ​ពលរដ្ឋ​កម្ពុជា តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​។​

យ៉ាងណាក៏ដោយ ក្នុង​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ បានចេញ​ប្រកាស ដោយ​តម្រូវ​ឲ្យ​អ្នកដំណើរ​ចូលមក​កម្ពុជា ត្រូវមាន​សំបុត្រ​ពេទ្យ​បញ្ជាក់ថា មិនមាន​ជំងឺ​កូ​វីដ​១៩ មាន​ធានារ៉ាប់រង​តម្លៃ​ចាប់ពី ៥​ម៉ឺន​ដុល្លារ តម្កល់​ប្រាក់ ៣០០០​ដុល្លារ សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ត្រូវធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ នៅពេល​មកដល់​កម្ពុជា និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ដើម្បី​តាមដាន​រក​ជំងឺ​កូ​វីដ​១៩៕​

ប្រភព៖ Swift News

អត្ថបទដែលជាប់ទាក់ទង