ពលរដ្ឋអះអាងថា បទល្មេីសព្រៃឈេី​ បានបន្តកើតមានយ៉ាងអនាធិបតេយ្យដដែល ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​

ខេត្តមណ្ឌលគិរី៖ ប្រជាសហគមន៍រស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បទល្មេីសព្រៃឈេី​ នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា មិនទាន់ស្រាកស្រាន​នៅឡើយទេ ព្រោះសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធបង្ក្រាបមិនចេះអស់ទេ។

ប្រភពបន្តថា បទល្មើសព្រៃឈើនៅតំបន់ខាងលើនេះ ក៏សង្កេតឃើញសមត្ថកិច្ច និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ចុះបង្រ្កាប និងរឹបអូសយកឈើប្រណិតៗទាំងនោះ យកមករក្សាទុក ជាបន្តបន្ទាប់មក្យដែរ ប៉ុន្តែបង្ក្រាបមិនចេះអស់​នោះទេ។

ជាងនេះទៀត ប្រភពបញ្ជាក់ថា ក្រុមឈ្មួញឈេី ដែលបន្តធ្វើសកម្មភាពនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី រាល់ថ្ងៃនេះ ក៏ទំនងជាមុខសញ្ញាចាស់ ដោយមានបុគ្គលខ្លះក៏ធ្លាប់ជាប់ពន្ធនាគារដោយសារធ្វើសកម្មភាពដឹកឈើខុសច្បាប់ ហើយត្រូវសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនបញ្ចូនទៅកាន់តុលាការផ្តន្ទាទោស ប៉ុន្តែនៅពេល ជនទាំងនោះ បានចេញពីពន្ធនាគារវិញ គឺពួកគេនៅតែមិនរាងចាល​ ហើយបានបន្តសកម្មភាពដឹកជញ្ចូនឈេីខុសច្បាប់ ឆ្លងកាត់មុខកន្លែងធ្វើការ របស់សមត្ថិកិច្ចទាំងយប់ទាំងថ្ងៃ​ ដូចពេលកន្លងទៅដដែល​..។

ជាក់ស្ដែង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០ និង៤០នាទីព្រឹក ប្រភពបញ្ជាក់ថា គេឃើញក្រុមមន្ត្រីលេខាធិការដ្ឋាន បានសហការជាមួយកម្លាំងជំនាញដែនជម្រកសត្វព្រៃកែវសីមា និងកម្លាំងប៉ុស្តិ៍រដ្ឋបាលស្រែខ្ទុម បានចុះល្បាត និងប្រទះឃើញទីតាំងលួចលាក់ឈើ ប្រភេទលេខ១(សុក្រម) ខុសច្បាប់០១កន្លែង និងមានចំនួន២២ដុំ នៅខាងក្រោយចំការស្វាយចន្ទីរ មិនស្គាល់ម្ចាស់ ស្ថិតនៅចំណុច ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បច្ចុប្បន្ននេះ ចំពោះវត្ថុតាងឈើល្មើសទាំងនោះ ត្រូវបានប្រគល់ជូនស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃ កែវសីមា យកទៅរក្សាទុក ដើម្បីបន្តនីតិវិធីតាមច្បាប់កំណត់៕

អត្ថបទដែលជាប់ទាក់ទង