អភិបាលខេត្តសៀមរាបថា ក្រុងនេះនឹងមានលេខផ្លូវ និងឈ្មោះផ្លូវចំនួន១៨១៦ខ្សែ សម្រាប់ប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ

ខេត្តសៀមរាប៖ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក ទៀ សីហា បានដឹកនាំក្រុមការងារបច្ចេកទេសដាក់ឈ្មោះផ្លូវ និងលេខផ្លូវ ក្នុងក្រុងសៀមរាប ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងក្រុងសៀមរាប កហនុងពេលឆាប់ៗនេះ។

ផ្លូវក្នុងក្រុងសៀមរាប ដែលក្រុមការងារបានសិក្សា និងរៀបចំដាក់លេខផ្លូវនោះ មានចំនួន ១៨១៦ខ្សែ ក្នុងនោះផ្លូវប្រមាណជាង ៥០ខ្សែ ត្រូវបានដាក់ឈ្មោះ។

ថ្លែងក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ទៀ សីហា ក៏បានឯកភាពលើការកំណត់លេខផ្លូវ ដោយបានកំណត់ជាប្លុកចំនួន ៤ប្លុក ក្នុងនោះប្លុក(ក) មានចំនួន ៥៧៥ខ្សែ ប្រវែងសរុប ១១៤ពាន់ ៦០០ម៉ែត្រ , ប្លុក (ខ) មានចំនួន ៣០៥ខ្សែ មានប្រវែងសរុប ១៤៨ពាន់ ៩៩០ម៉ែត្រ , ប្លុក (គ) មានចំនួន៤៤០ខ្សែ មានប្រវែងសរុប ១៣៤ពាន់ ៣៨០ម៉ែត្រ និង ប្លុក (ឃ) មានចំនួន៤៩៦ខ្សែ មានប្រវែងសរុប ១១៥ពាន់ ៦៣០ម៉ែត្រ។

ដោយឡែក ឈ្មោះផ្លូវមួយចំនួន ត្រូវបានកែសម្រួល ដោយត្រូវដាក់ជាឈ្មោះវីរជន ឥស្សរជន , សប្បុរសជន និង ឈ្មោះពីប្រវត្តិសាស្ត្រ ឬជាឈ្មោះតាមភូមិសាស្ត្រធម្មជាតិ តាមវប្បធម៌ និងឈ្មោះពីបុរាណ និងទៅតាមទម្លាប់មួយចំនួន ហើយត្រូវស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនផងដែរ។

អភិបាលខេត្ត សៀមរាប លោក ទៀ សីហា ក៏បានឲ្យដឹងផងដែរថា សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ក៏ត្រូវរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវថ្នល់ គម្រោងប្លង់ និង កំណត់គម្រោង សាងសង់ ស្តារឡើងវិញ ក្នុងការកែលម្អ ពង្រីក និង ថែទាំផ្លូវថ្នល់ ព្រមទាំងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ដើម្បី ស្នើសុំគោលការណ៍ឯកភាពពីរដ្ឋាភិបាលផងដែរ។ ហេតុដូច្នេះ រដ្ឋបាលខេត្ត នឹងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវលេខផ្លូវ និងឈ្មោះផ្លូវនាពេលឆាប់ៗ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង