សម្ដេចតេជោ ហ៊ុន សែន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ មិនមែនជាកម្មវិធីដែលមានលក្ខណៈអចិន្រៃ្តយ៍ទេ

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បៃព្រះរាជាណាវក្រកម្ពុជា មានប្រសាសន៍ថា កម្មវិធីជំនួយសង្គម(កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩) មិនមែនជាកម្មវិធីដែលមានលក្ខណៈអចិន្រៃ្តយ៍នោះទេ។

ថ្លធងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩» កាកពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រុងភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធ អភិបាលខេត្ត-ក្រុង និងបណ្ដាអង្គទូតនៃបណ្ដាប្រទេសជាមិត្តនានាប្រចាំនៅកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលរៀបចំកម្មវិធីនេះឡើង សម្រាប់ផ្តល់ជំនួយសង្គម នៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ដោយការបើកផ្តល់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ២ខែម្តង ដែលជុំទី០១ គឺនឹងត្រូវបានធ្វើឡើងសម្រាប់ខែមិថុនា មួយលើក និងខែកក្កដា មួយលើក។

សម្តេចតេជោ ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាល នឹងបន្តតាមដាន និង ធ្វើការវាយតម្លៃអំពីសភាពការណ៍ និងផលប៉ះពាល់ជាក់ស្តែងពីជំងឺកូវីដ-១៩នេះតទៅទៀត។ ប្រសិនបើសភាពការណ៍ និងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងមិនមានភាពល្អប្រសើរ កម្មវិធីជំនួយសង្គមនេះ នឹងត្រូវបានអនុវត្តន៍ក្នុងជុំថ្មី សម្រាប់រយៈពេល២ ខែទៀតជាបន្តបន្ទាប់។ តែបើផលប៉ះពាល់ពីជំងឺកូវីដ-១៩មានភាពធូរស្បើយ រាជរដ្ឋាភិបាល នឹងបញ្ឈប់នូវកម្មវិធីជំនួយសង្គមមួយនេះ ហើយបង្វែរថវិកាទៅវិនិយោគលើកិច្ចការចាំបាច់នានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនរួមវិញ។

សម្ដេចតេជោបានបន្តថា ក្នុងគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាល ក៏បានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយ សង្គមថ្មីមួយដែលជាកម្មវិធី ជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រ ដែលមានប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២)នោះគឺ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩»។

គោលបំណងធំ របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្ រនិងទទួលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ។

សម្ដេចតេជោបញ្ជាក់បន្តថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភ ជូនដល់គ្រួសារក្រីក្រនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលដៅជួយសម្រួលដោះស្រាយការលំបាករបស់ប្រជាជន ក្នុងរយៈពេលដែលបងប្អូនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប៉ុន្តែយើងក៏ត្រូវតែចៀសវាងឱ្យបានផងដែរនូវការបង្កើតឡើង នូវទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុង ទៅលើប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល។ ការដាក់ចេញនូវកម្មវិធី នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ «ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយហ្មត់ចត់  ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត។ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនឹងត្រូវបានផ្តល់ជូននៅតាមទីកន្លែង ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ទៅតាមកម្រិតនៃប័ណ្ណសមធម៌នីមួយៗ ទៅតាមភាពងាយរងគ្រោះ និងទៅតាមតំបន់។ ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស។

ទាក់ទិនបញ្ហានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណជាង ១០០ ប៊ីលានរៀល (ឬប្រមាណ ២៥ លានដុល្លារអាម៉េរិក) ក្នុងមួយខែៗ សម្រាប់ការបើកផ្តល់នេះ៕

អត្ថបទដែលជាប់ទាក់ទង