សត្វខ្ទីងមួយក្បាលត្រូវព្រានសម្លាប់ និងពន្លះសាច់ជាដុំៗ នៅក្នុងដែនជម្រកសត្វព្រៃ នៃជួរភ្នំក្រវាញខាងត្បូង

ខេត្តពោធិ៍សាត់៖ មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជា ត្រូវបានប្រទះឃើញគេពន្លះសាច់ជាដុំៗ នៅក្នុងដែនជម្រកសត្វព្រៃ នាជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សត្វខ្ទីងមួយក្បាលនេះ។

មន្ត្រីរូបនេះ ក៏បានថ្កោលទោសចំពោះក្រុមជនល្មើស ដែលតែងតែងលួច ប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរបាញ់សត្វកម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែង ក្នុងការការពារអភិរក្ស បង្កើនការផ្សព្វផ្សាយអប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយចុះ។

ព្រមជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បាន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដឹងឬស្គាល់ពីអត្តសញ្ញានៃជនល្មើស សូមជួយរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់។

លោក នេត្រ ភក្ត្រា បានបន្តថា ក្រុមជនល្មើសបាន រត់គេចខ្លួនបាត់នៅពេល ដែលពួកគេដឹងថា ក្រុម
មន្ត្រីឧទ្យានុរក្សដើរល្បាត នៅក្នុងតំបន់នោះ ដោយបន្សល់ទុក នូវសាច់សត្វខ្ទីង ដែលបានពន្លះជាដុំៗបម្រុងនឹងដឹកចេញ។

តាមការបញ្ជាក់របស់លោករដ្ឋលេខាធិការក្រសួងបរិស្ថានថា សត្វខ្ទីងដែលត្រូវព្រានសម្លាប់ ខាងលើនេះមានជើងជាប់អន្ទាក់ ហើយស្នែង របស់វាត្រូវបានគេកាត់យកទៅបាត់ បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម។

លោក នេត្រ ភក្ត្រា ឲ្យដឹងថា “នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹងថា បានស្លាប់នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ។

ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ឆ្នាំ ខាងលើនេះ ត្រូវបានដឹងថាត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា នៅក្នុងខេត្តព្រះវិហារកាលពីខែឧសភាកន្លងទៅ”។

សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ហើយ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់ជាសកល នៅឆ្នាំ១៩៨៦ ហើយនៅឆ្នាំ២០១៦ សត្វខ្ទីងនៅលើពិភពលោក មានចំនួនប្រមាណ ២១០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍។

សត្វខ្ទីងញី អាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោល អាចមានទម្ងន់ដល់ ១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ ហើយថា សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕

អត្ថបទដែលជាប់ទាក់ទង