ប្រជាពលរដ្ឋខេត្តជាប់សមុទ្រ បន្តដង្ហោយរកសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ទៅប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ឲ្យពន្លឿនផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់ឲ្យបានឆាប់ផង ព្រោះជិត១៥ខែហើយមិនទាន់បានប្លង់ទៀត

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តព្រះសីហនុ បានបន្តត្អូញត្អែរថា បន្ទាប់ពីមន្ត្រីមន្ទីរសុរិយោដីខេត្តព្រះសីហនុ បានចុះវាស់ដីជាលក្ខណៈប្រព័ន្ធជូនពួកគាត់ មានរយៈពេលជិត ១ឆ្នាំកន្លះទៅហើយ នៅឡើយពួកគាត់ មិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដើម្បីមានភាពកក់ក្តៅលើសុវត្ថិភាពដីធ្លី ឬយកទៅប្រើប្រាស់ពង្រីកមុខរបរនោះទេ។

ប្រជាពលរដ្ឋរស់នៅឃុំកែវផុស ស្ថិតក្នុងចំណោមប្រជាពលរដ្ឋច្រើនទៀត រស់នៅមូលដ្ឋានខេត្តព្រះសីហនុ បានរអ៊ូរទាំថា ការធ្វើប្លង់ដី ឬធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី របស់មន្ត្រីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ គឺមហាសែនយឺតខ្លាំងម៉្លេះ ពោលគឺអូសបន្លាយពេលរាប់ឆ្នាំ..។

តំណាងប្រជាពលរដ្ឋរស់នៅឃុំកែវផុស បានអះអាងថា ពួកគាត់រស់នៅក្នុងមូលដ្ឋាននេះ បានទន្ទឹងរង់ចាំការចេញប្លង់កម្មសិទ្ធិដីធ្លី ពីមន្ត្រីមន្ទីរសុរិយោដីខេត្តព្រះសីហនុ បានអូសបន្លាយពេលជិត ១ឆ្នាំកន្លះទៅហើយ ចាប់តាំងពីមន្ត្រីជំនាញមន្ទីរសុរិយោដីខេត្តនេះ បានចុះវាស់ដីជាលក្ខណៈប្រព័ន្ធជូនពួកគាត់រួចមក។

ក្រុមប្រជាពលរដ្ឋ បន្តទៀតថា ដីរបស់ពួកគាត់ មានទីតាំងស្ថិតនៅភូមិរិទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមន្ត្រីមន្ទីរសុរិយោដីខេត្តព្រះសីហនុ ចុះវាស់វែង បើគិតមកដល់ខែមិថុនា ឆ្នាំ២០២០នេះ មានរយ:ពេលជិត១៥ខែទៅហើយ ប៉ុន្តែនៅមិនទាន់លឺដំណឹងថា មន្ត្រីជំនាញសុរិយោដីខេត្តព្រះសីហនុ នឹងចុះចែកប័ណ្ណកម្មសិទ្ធិ ប្លង់ដី ជូនប្រជាពលរដ្ឋពួកគាត់ នៅពេលណាឲ្យពិតប្រាកដនោះទេ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋមួយចំនួន រស់នៅឃុំកែវផុស ក៏បានសំណូមពរឲ្យគេហទំព័រ “កម្ពុជាថ្ងៃនេះ” ឬ www.camday.news ជួយចុះផ្សាយ ឬជួយតាមដានពីភាពយឺតយ៉ាវ នៃការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី របស់មន្ត្រីមន្ទីរសុរិយោដីខេត្តព្រះសីហនុ ដើម្បីឲ្យបានដឹងលឺដល់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជ្រាបជាដំណឹង និងឈានទៅជួយពន្លឿនដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរសុរិយោដីខេត្តព្រះសីហនុ ឲ្យឆាប់ផ្តល់ប្លង់កម្មសិទ្ធិដីធ្លី ជូនពួកគាត់ឲ្យ់បានឆាប់ផង។

ភាពយឺតយ៉ាវនេះ ក្រុមប្រជាពលរដ្ឋ បានលើកជាចម្ងល់ថា តើការអូសបន្លាយពេលផ្តល់ប្លង់ ឬប័ណ្ណកម្មសិទ្ធិដីធ្លី ក្រោយការវាស់វែងនេះ បណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដ។ ព្រោះចាប់ពីមន្ត្រីជំនាញចុះមកវាស់ដីធ្វើប្លង់កម្មសិទ្ធិនេះ គែមានរយៈពេលជិត ១៥ខែទៅហើយ ប៉ុន្តែមិនទាន់ឃើញមន្ត្រីសុរិយោដីខេត្តព្រះសីហនុ ផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋពួកគាត់ទេ គឺស្ងាត់ឈឹងតែម្តង។

ចំពោះភាពយឺតយ៉ាវ នៃការចេញប្លង់កម្មសិទ្ធិដីធ្លីនេះ តំណាងប្រជាពលរដ្ឋរស់នៅឃុំកែវផុស ស្រុកស្ទឹងហាវ បានបញ្ជាក់ថា រូបគាត់ ក៏ធ្លាប់ឆាត ឬផ្ញើសារទៅហ្វេសបុក របស់ក្រសួងរៀបចំដែនដីដែរ ប៉ុន្តែគ្មានចម្លើយឆ្លើយតបនោះទេ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋពួកគាត់ មានចម្ងល់កាន់តែខ្លាំង ថា មានមូលហេតុអ្វីទើបយឺតបែបនេះ។

បញ្ហានេះ តំណាងប្រជាពលរដ្ឋ រស់នៅឃុំកែវផុស ស្រុកស្ទឹងហាវ បានសំណូមពរដល់ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ឲ្យជួយពន្លឿនការចេញប្លង់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ រស់នៅឃុំវផុស ឲ្យបានឆាប់រហ័សផង។

តំណាងប្រជាពលរដ្ឋបន្តថា ចំពោះដី ដែលមិនមានជាប់ពាក់ព័ន្ធ ពាក្យបណ្ដឹងជាមួយអ្នកដទៃ គួរណាស់តែមន្ទីរសុរិយោដីខេត្រព្រះសីហនុ ផ្តល់ប្លង់ជូនពួកគាត់ ព្រោះរយ:ពេលនៃការចុះវាស់ក្បាលដី មានរយៈពេលជិត ១ឆ្នាំកន្លះទៅហើយនោះ។

តំណាងប្រជាពលរដ្ឋរស់នៅឃុំកែវផុស ស្រុកស្ទឹងហាវ បានទទួលស្គាល់ថា ទីតាំងដីនៅមូលដ្ឋានខាងលើនេះ បានកើតមានជម្លោះដីធ្លីជាច្រើនករណីមិនទាន់ដោះស្រាយរួច ប៉ុន្តែគួរណាស់តែ ក្រសួងរៀបចំដែនដី ឬមន្ទីរសុរិយោដីខេត្រព្រះសីហនុ ជួយធ្វើប្លង់កម្មសិទ្ធិផ្តល់ជូនប្រជាពលរដ្ឋទាំងឡាយណា ដែលដី របស់ពួកគាត់ មិនជាប់ពាក់ព័ន្ធជាមួយបណ្តឹង ជាមួយភាគីទំនាស់ ត្រូវផ្តល់ប្លង់ដីជូនពួកគាត់មុន ដោយមិនគួរទុកឲ្យអូសបន្លាយពេល ឬផ្អឹបទុកឲ្យជាប់គាំងរាប់ឆ្នាំ ដូចសព្វថ្ងៃនេះទេ។

ឆ្លើយតបការរអ៊ូរទាំនេះ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ធ្លាប់ បានបញ្ជាក់តាមប្រព័ន្ធ Telagram ដោយស្នើឲ្យប្រជាពលរដ្ឋ ប្រាប់ទីតាំងដី ឬលេខប័ណ្ណសំគាល់ក្បាលដី ដែលមន្ត្រីជំនាញ មានការយឺតយ៉ាវក្នុងការចេញប្លង់កម្មសិទ្ធិនោះ មករូបគាត់ ដើម្បីអាចឲ្យរូបលោក ជួយស្រាវជ្រាវបន្តជូនប្រជាពលរដ្ឋ..។

លោក ចេង ស្រុង បានផ្ញើសារដូច្នេះ៖” ប្រជាពលរដ្ឋឈ្លោះអ្វី? ខាងក្រុមហ៊ុនអចលនទ្រព្យក្រុមហ៊ុនឈ្មោះអ្វី? ខ្ញុំនិងស្រាវជ្រាវជូន? កុំស្មាន ខ្ញុំមិនដឹងរកមុិចទេ និងអរគុណ ដែលបានចូលក្នុងការស្ថាបនា”។

យ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋ រស់នៅឃុំកែវផុស ស្រុកស្ទឹងហាវ បានអះអាងថា ដីធ្លី របស់ពួកគាត់ មានទីតាំងនៅភូមិរិទ្ធី១ ឃុំកែវផុស ដែលមន្ត្រីជំនាញសុរិយោដីខេត្តព្រះសីហនុ បានចុះវាស់ជាប្លង់ប្រព័ន្ធ គឺមានរយ:ពេលជិត ១ឆ្នាំកន្លះទៅហើយ នៅឡើយមិនទាន់ទទួលបានប្លង់កម្មសិទ្ធិយកមកប្រើប្រាស់ទៀត៕

អត្ថបទដែលជាប់ទាក់ទង