ទឹកភ្នែកពលរដ្ឋ ក្នុងវិបត្តិ​​ដីធ្លី​លើទឹកដី​ក្រុងកោះរ៉ុង​ ក្នុងអាណត្តិលោក គួច ចំរើន មកដឹកនាំ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋជាង ៥០គ្រួសារ រស់នៅលើសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បង្ហាញការឈឺចាប់លាយឡំសំឡេងទ្រហោយំ ដង្ហោយរកកិច្ចអន្តរាគមន៍ពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកដំណោះស្រាយផ្តល់យុត្តិធម៌លើករណីដែល លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងនគរបាល និងកងរាជអាវុធហត្ថរាប់សិបនាក់ ដែលប្រជាពលរដ្ឋអះអាងថា ឲ្យមកកាងការពារគ្រឿងចក្រក្រុមហ៊ុនរ៉ូយ៉ាលគ្រុប របស់លោកឧកញ៉ា គិត ម៉េង មានទីតាំងនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ដែលប្រជាពលរដ្ឋពួកគាត់ កំពុងកាន់កាប់អាស្រ័យផល ជាយូរឆ្នាំមកហើយនោះ។

ប្រជាពលរដ្ឋបន្តថា សកម្មភាពបញ្ជាកម្លាំងចម្រុះ របស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីយកដីពួកគាត់ ប្រគល់ជូនក្រុមហ៊ុនវិនិយោគឯកជនមួយមានឈ្មោះថា រ៉ូយ៉ាល់គ្រុប របស់លោកឧកញ៉ា គិត ម៉េង។

ក្រុមប្រជាពលរដ្ឋ អះអាងបន្តទៀតថា ដីធ្លីពួកគាត់ គឺមានទីតាំងខ្លះមានប្លង់កម្មសិទ្ធិ និងលេខសំគាល់ក្បាលដី ដែលអាជ្ញាធរជំនាញក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចុះវាស់ក្បាលដីត្រៀមចេញប្លង់កម្មសិទ្ធិ កាលពីអាណត្តិ អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មកដឹកនាំមូលដ្ឋាននេះម៉្លេះ។ ប៉ុន្តែនៅពេល លោក យន្ត មីន បានចាកចេញ និងជំនួសដោយ លោក គួច ចំរើន មកដឹកនាំជាអភិបាលខេត្តព្រះសីហនុវិញ គឺបែរជាអភិបាលខេត្តរូបនេះ ហាក់បង្ហាញឥរិយាបទគាំទ្រខាងភាគីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់ លោក គិត ម៉េង ហើយបានបញ្ជាកម្លាំងសមត្ថកិច្ចរាប់រយនាក់ ឲ្យមកការពារគ្រឿងចក្រក្រុមហ៊ុនឈូសបំផ្លាញផ្ទះ និងដំណាំហូបផ្លែ របស់ពួកគាត់ចោលទៅវិញ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋភូមិសុខសាន្ត សង្កាត់កោះរ៉ុង បានបង្ហាញការឈឺចាប់ និងបន្តដង្ហោយរកកិច្ចអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ ត្បិតជាបន្តបន្ទាប់មកនេះ ប្រមុខដឹកនាំតែងថ្លែងការពារពលរដ្ឋ ដោយអះអាងថា មិនទុកឲ្យពលរដ្ឋណាម្នាក់រងការឈឺចាប់ និងសម្រក់ទឹកភ្នែក ដោយអំពើរំលោភបំពានដីធ្លីពីសំណាក់ក្រុមហ៊ុន និងមន្ត្រីមានអំណាចទៀតទេ។

យ៉ាងនេះក្តី ជាក់ស្ដែង​កាលពីថ្ងៃទី​២៥ ខែមិថុនា​ ឆ្នាំ​២០២០ម្សិលមិញ មាន​ប្រជាពលរដ្ឋ​ចំនួន ៥៣គ្រួសារ រស់នៅ​ភូមិ​សុខសាន្ត​ សង្កាត់​កោះរ៉ុង ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ បានបង្ហាញការឈឺចាប់ និងបានប្រមូលផ្តុំគ្នាតវ៉ា តទល់ជាមួយអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ និងកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីការពារដីលំនៅដ្ឋាន និងចំការដំណាំពួកគាត់ ដែលត្រូវគ្រឿងចក្រក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់លោកឧកញ៉ា គិត ម៉េង ជាច្រើនគ្រឿងបានដាក់ឈូសបំផ្លាញផលដំណាំ ហ៊ុមព័ទ្ធយកដីពួកគាត់ ក្រោមបទបញ្ជា របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងអាណត្តិថ្មីនេះ។

ប្រជាពលរដ្ឋបញ្ជាក់បន្ថែមថា ដី​ធ្លីពួកគាត់​ គឺមានទាំងដីលំនៅ​ដ្ឋាន និង​ដីចម្ការ​អាស្រ័យ​ផលដំណាំ​ហូបផ្លែជាយូរឆ្នាំមកហើយ មានដូចជា៖ ដើមស្វាយ​ ដើមដូង និង​ស្វាយចន្ទី​ជាដើម គឺត្រូវបាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ និង​ អាជ្ញាធរ​ក្រុងកោះរ៉ុង ចុះមកបណ្តេញពួកគាត់ ដើម្បីយកដី​ទំហំជាង​ ៣០ហិកតា នៅភូមិសាស្ត្រភូមិសុខសាន្ត ឬនៅជាប់ឆ្នេរសុខសាន្ត ដើម្បីយកដីទៅឲ្យក្រុមហ៊ុន​ឯកជន រ៉ូយ៉ាល់គ្រប់​(Royal Group) ដែលមានម្ចាស់ឈ្មោះ គិត ម៉េង មានតួនាទីជាប្រធានសភាពាណិជ្ជកម្ម នៃប្រទេសកម្ពុជា។

ទាក់ទិនវិវាទដីធ្លីខាងលើនេះ យោងតាម​សេចក្ដី​ជូនដំណឹង​ របស់​រដ្ឋបាលខេត្តព្រះសីហនុ និង រដ្ឋបាលក្រុងកោះរ៉ុង លេខ ០០៤/២០ សជណ​.កករ​ ចុះថ្ងៃទី​ ២៤ ខែ​មិថុនា​ ឆ្នាំ​២០២០ មាន​ខ្លឹមសារ​ថា រដ្ឋបាលក្រុងកោះរ៉ុង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅគ្រប់ប្រភេទ នៅលើទីតាំងដីឯកជន របស់រដ្ឋ មានទំហំ៣៥ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ នៃភូមិសុខសាន្ត សង្កាត់កោះរ៉ុង និងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ឲ្យបានជ្រាបថា កន្លងមកក្រុមការងារចម្រុះ រដ្ឋបាលខេត្តព្រះសីហនុ បានចុះអនុវត្តការងារបំបែកក្បាលដីរដ្ឋទំហំ ៣៥ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ដោយបានបោះបង្គោលព្រំដីរួចរាល់ហើយ។

ទន្ទឹមគ្នានេះក្រុមការងារ ក៏បានពិនិត្យឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានធ្វើការតាំងទីលំនៅ ក្នុងបរិវេណនៃទីតាំងដូចបានរៀបរាប់ខាងលើ ដែលជាដីឯកជន របស់ រដ្ឋ ដែលបានបង្កើតសិទ្ធិជួលរយៈពេលវែង ឲ្យក្រុមហ៊ុន ដើម្បីធ្វើការវិនិយោគ។

សេចក្តីជូនដំណឹងដដែលនេះ បញ្ជាក់ថា យោងស្មារតីអង្គប្រជុំថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះដឹកនាំដោយ រដ្ឋបាលខេត្តព្រះសីហនុ ចាប់ផ្តើមប្រើប្រាស់គ្រឿងចក្រ ធ្វើការឈូសឆាយ និងកាយព្រំដីខាងលើនេះហើយៗ មិនទទួលខុសត្រូវលើរខូចខាតសម្ភារៈផ្សេងៗនោះទេ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលក្រុងកោះរ៉ុង សូមធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធទាំងអស់ ដែលមានទីលំនៅគ្រប់ប្រភេទនៅក្នុងបរិវេណ នៃទីតាំងដីខាងលើនេះ សូមធ្វើការរុះរើចេញដោយខ្លួនឯង ឲ្យបានរួចរាល់ ក្នុងរយៈពេល ០៣ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃចុះហត្ថលេខា នៃសេចក្តីជូនដំណឹងនេះ។ ហើយថា ក្នុងករណីផុតរយៈពេលកំណត់ នៃសេចក្តីជូនខាងលើនេះ ក្រុមការងារចម្រុះដឹកនាំដោយរដ្ឋបាលខេត្តព្រះសីហនុ ចុះធ្វើការឈូសឆាយ និងកាយព្រំដី ដោយពុំទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈផ្សេងៗឡើយ។

ជាក់ស្តែងក្នុងសកម្មភាពឈូសឆាយ កាលពីព្រឹក​ថ្ងៃទី​២៥ ខែមិថុនា​ម្សិលមិញនេះ មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ រវាង​ប្រជាពលរដ្ឋ​ ជាមួយ​កងកម្លាំង​សមត្ថកិច្ចនគរបាល ដែល​បិទផ្លូវ​មិនឲ្យ​មាន​ការ​តវ៉ា​ណាមួយ​ នាំឲ្យប៉ះពាល់​ដល់គ្រឿងចក្រ​ ដែល​ដាក់មកឈូសឆាយកាយព្រំ​ដីនៅទីតាំងខាងលើ។ ហើយ​ថា ការ​ប៉ះទង្គិច​គ្នា​នេះដោយសារតែ​ប្រជាពលរដ្ឋ​ព្យាយាម​ចូលទៅរារាំងសកម្មភាព របស់គ្រឿងចក្រ ហើយសមត្ថកិច្ចក៏ព្យាយាម​រារាំង​មិនឲ្យពលរដ្ឋចូល ទៅផ្នែកខាងក្នុង ប៉ុន្តែ​ការប៉ះទង្គិចនេះ មិនមាន​អ្នក​រងរបួស​ និង​ឃាត់ខ្លួន​ទេ​។

នាឱកាសនោះដែរ ក្រោយអស់ជំនឿលើអាជ្ញាធរ ក្រុមប្រជាពលរដ្ឋ​ ក៏បានងាកមកលើក​ម្រាមដៃ​១០ សំពះ​សុំ​អង្វរ​ ឲ្យអ្នកសារព័ត៌មាន​ តាមអង្គភាពពាក់ព័ន្ធនានា ជួយ​ផ្សព្វផ្សាយ ឬនាំ​យកដំណឹង​សោកសង្រេងនេះ ធ្វើយ៉ាងណាឲ្យបានដឹងលឺដល់​ សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បីឲ្យប្រមុខដឹកនាំជួយ​រកដំណោះស្រាយ​ ផ្តល់យុត្តិធម៌ជូនពួកគាត់​ ត្បិតពួកគាត់ កំពុងរងទុក្ខពីការបាត់បង់ដីលំនៅដ្ឋាន និងដីប្រកបរបរដាំដុះចិញ្ចឹមជីវិតប្រចាំថ្ងៃ។

សូមបញ្ជាក់ថា​ កាលពីរសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ចំពោះ​សកម្មភាព ការចុះ​អនុវត្ត​កំណត់​ព្រំដី​សាធារណៈ​ របស់​រដ្ឋ​ខាងលើនេះ ត្រូបានធ្វើឡើងតាមបញ្ជា លោក គួច ចំរើន ជាអភិបាលខេត្ត ហើយដឹកនាំចុះអនុវត្តផ្ទាល់ដោយ លោក​ លៀម​ សុដា​ អភិបាលរង​ខេត្ត​ព្រះសីហនុ​។ ហើយក្នុងអំឡុងពេលនោះ​​ ក្រុមអ្នកសារព័ត៌មាន​ ក៏បានស្នើសុំធ្វើបទសម្ភាសន៍​ជាមួយរូបលោកផងដែរ ប៉ុន្តែ​ត្រូវបានអភិបាលរងខេត្តព្រះសីហនុរូបនេះ បដិសេធ​មិន​ព្រមផ្ដល់​បទសម្ភាសន៍ជូនទេ ​នៅលើទីតាំង ដែលអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ចុះអនុវត្តការងារ និងដាក់កម្លាំងចម្រុះការពារគ្រឿងចក្រ ដើម្បីកាយកំណត់ព្រំដី និងកាយបំផ្លាញសំណង់ ព្រមទាំងផលដំណាំមួយចំនួន របស់ប្រជាពលរដ្ឋ នៅភូមិសុខសាន្តនេះទេ ដោយព្យាតាមដើរគេចចេញពីក្រុមអ្នកសារព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង