លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកមួកសុវត្ថិភាព វិទ្យុទាក់ទង និងសម្លៀកបំពាក់ឈុត ជួយឧបត្ថម្ភកម្លាំងប្រជាការពារសង្កាត់លេខ៤

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកមួកសុវត្ថិភាព, វិទ្យុទាក់ទង និងសម្លៀកបំពាក់ឈុត យកទៅជួយឧបត្ថម្ភដល់កម្លាំងប្រជាការពារ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីលើកទឹកចិត្តដល់កម្លាំងប្រជាការពារ និងអាជ្ញាធរសង្កាត់លេខ៤ ដែលបានខំបំពេញភារកិច្ចការងារជាបន្តបន្ទាប់មកនេះ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រៅពីសម្ភារៈខាងលើនេះ លោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាដល់កម្លាំងប្រជាការពារ ក្នុងម្នាក់ចំនួន ៨មុឺនរៀលបន្ថែមទៀត។

 

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ចំពោះសម្ភារៈ និងថវិកា ដែលលោកបានជួយឧបត្ថម្ភនេះ គឺជាការចូលរួមជាមួយរដ្ឋបាលខេត្ត-ក្រុង និងសង្កាត់ សម្រាប់ការងារភូមិ ឃុំមានសុវត្ថិភាព ដើម្បីបម្រើដល់សេចក្តីសុខក្សេមក្សាន្ត ក្នុងការរស់នៅ របស់ប្រជាពលរដ្ឋ។

នាឱកាសនោះដែរ លោកចៅសង្កាត់លេខ៤ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ ដែលបានជួយឧបត្ថម្ភ សម្លៀកបំពាក់, វិទ្យុទាក់ទង និងថវិកា ជូនដល់កម្លាំងប្រជាការពារសង្កាត់លេខ៤ នៅពេលនេះ។

ព្រមជាមួយជាមួយគ្នានេះ លោកចៅសង្កាត់លេខ៤ ក៏បានបញ្ជាក់ថា សម្លៀកបំពាក់ឈុត ដែលលោកឧកញ៉ា បានឧបត្ថម្ភដល់ប្រជាការពារខាងលើនេះ គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់កម្លាំងប្រជាការពារសង្កាត់ស្លៀកពាក់ឲ្យបានសមរម្យ។ ក្នុងនោះលោកចៅសង្កាត់ក៏បានណែនាំដល់កម្លាំងប្រជាការពារសង្កាត់លេខ៤ ក្នុងពេលចុះបំពេញភារកិច្ច គឺហាមមិនឲ្យប្រើប្រាស់សម្លៀកបំពាក់ឯកសណ្ឋាននគរបាល ឬអង្គភាពមានសមត្ថកិច្ចផ្សេងទៀត ដែលផ្ទុយនឹងច្បាប់ជាដាច់ខាត។

ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានប្រកាសផ្សព្វផ្សាយជាបន្តបន្ទាប់មក នេះ ក្រោយពីសង្កេតឃើញ មានកម្លាំងប្រជាការពារមួយចំនួន បានប្រើប្រាស់សម្លៀកបំពាក់ឯកសណ្ឋាននគរបាល នាំអើឲ្យមានការយល់ច្រឡំ ៕

អត្ថបទដែលជាប់ទាក់ទង