ក្រសួងសុខាភិ​បាល ប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ចំនួន៣២នាក់បានជាសះស្បើយ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹក​ថ្ងៃអាទិត្យ ទី២​ ខែសីហា ឆ្នាំ២០២០​ថា មានអ្នកជំងឺកូវីដ-១៩ ចំនួន៣២នាក់ បានជាសះស្បើយ។ ក្នុងនោះ មានបុរសជនជាតិខ្មែរចំនួន ២៩នាក់ និងបុរសជនជាតិឥណ្ឌូណេស៊ី ចំនួន ០៣នាក់។

ក្រសួងសុខាភុបាកបន្តថា អ្នកជំងឺទាំង៣២នាក់ ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង ហើយបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

ព្រមជាមួយគ្នានេះ ក្រសួងក៏បានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន០១នាក់ ផងដែរ នៅលើបុរសជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលបាលព្យាបាលជាសះស្បើយសរុបនៅកម្ពុជា មានចំនួន១៩៦នាក់ ដែលស្មើនឹង ៨១,៦៧% នៃអ្នកជំងឺកូវីដ-១៩ សរុបចំនួន ២៤០នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៩៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋពេលនេះ មានចំនួនសរុប ៤២នាក់។

ក្រសួងសុខាភិបាល ក៏បានប្រកាសថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា ជាប់ជានិច្ច​។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នការពារជំងឺនេះ ជាប់ជានិច្ច ដោយត្រូវអនុវត្តអនាម័យ​ នៅគម្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងកម្ពុជា និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ មានកំណើនខ្ពស់នៅឡើយ​។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​​ ដូចជា​៖ អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​​ បន្តពាក់ម៉ាស់ នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ជាដើម៕

អត្ថបទដែលជាប់ទាក់ទង