រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​ស្នើដល់ម្ចាស់ជលយានដឹកភ្ញៀវទេសចរ និងប្រជានេសាទត្រូវប្រយ័ត្នពីសុវត្ថិភាព និងផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ បើមិនមានការចាំបាច់

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បានអំពាវនាវសុំឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយជលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការធ្វើដំណើរតាមផ្លូវទឹក ក្នុងអំឡុងពេលនេះ បើមិនមានការចាំបាច់ណាមួយ។​

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូនដំណឹងដល់ ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ និងបងប្អូនប្រជានេសាទទាំងអស់ ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ សម្ពាធទាបសកម្មមួយបានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ហើយបានវិវត្ត
ទៅជាវិសម្ពាធទាប (Tropical Depression)។

វិសម្ពាធទាបនេះ បានបង្កើនឥទ្ធិពលជាបន្តបន្ទាប់ទៅជាព្យុះទី៣ ឈ្មោះ ស៊ីនឡាគូ_(SINLAKU) ហើយបានបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជា បណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។

​ចំពោះស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ច្រើនប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ផ្តើមពីបញ្ហានេះ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ក៏ស្នើដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ និងតាមដានស្ថានភាពទូទៅ ជួយផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជួយដោះស្រាយបញ្ហានានា ចំពោះមុខជាក់ស្តែង ឲ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង