នាឱកាសថ្ងៃខួបកំណើត សម្តេច ហ៊ុន សែន ផ្ញើសារជូនពរជនរួមជាតិ ជួបតែសេចក្តីសុខសេចក្តីចម្រើន..

រាជធានីភ្នំពេញ៖ នាឱកាសថ្ងៃខួបកំណើត សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនពរជនរួមជាតិ សូមជួបតែសេចក្តីសុខសេចក្តីចម្រើន ទាំងអស់គ្នា..។

នៅក្នុងសារបង្ហោះតាមផេកហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ស្អែកនេះ គឺជាខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ របស់ខ្ញុំ (៥សីហា១៩៥២-៥សីហា
២០២០)។

សូមអរគុណបងប្អូន ដែលបានជូនពរខ្ញុំ ទោះបីខុសឆ្នាំ ក៏ដោយ ព្រោះខ្ញុំមានថ្ងៃកំណើតដល់ទៅពីរ៖

១. ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ដែលខ្ញុំបានបកស្រាយម្តងរួចហើយ គឺថ្ងៃទី៤ ខែមេសា យកថ្ងៃចូលបម្រើកងទ័ព តាមការអំពាវនាវ របស់សម្តេចឪ សម្តេចព្រះនរោត្តម សីហនុឆ្នាំ១៩៧០។

ឯឆ្នាំ១៩៥១ ដោយអ្នកវាយអង្គលីលេខវាយច្រឡំ និងយកទៅផ្សាយល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះ ខ្ញុំមិនបានកែតម្រូវទេ ព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិច ដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេស អាយុមិន
ទាន់គ្រប់ ២៧ឆ្នាំផង។

២.ថ្ងៃកំណើតពិតប្រាកដ របស់ខ្ញុំ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។

ទោះជូនពរ ៦៩ឆ្នាំ ឬ៧០ឆ្នាំ គឺទទួលបានទាំងអស់ និងសូមអរគុណសម្រាប់ការស្រឡាញ់រាប់អាន។

ការបញ្ជាក់ របស់ខ្ញុំ ខាងលើសំដៅបញ្ជាក់ តើថ្ងៃកំណើតពិតប្រាកដមួយណា។

សូមជូនពរ បងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខសេចក្តីចម្រើន៕

អត្ថបទដែលជាប់ទាក់ទង