ប្រជាពលរដ្ឋមានទំនាស់ជិត២ពាន់គ្រួសារ ប្រមូលផ្តុំគ្នាស្នើដល់ លោកស្រី មិថុនា ភូថង ជួយដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃ

ខេត្តកោះកុង៖ ប្រជាពលរដ្ឋរងគ្រោះដីធ្លី រស់នៅខេត្តកោះកុង សរុបមានចំនួនជិត ០២នាក់ តំណាងឲ្យពលរដ្ឋជិត ០២ពាន់គ្រួសារ (១,៩៨១) មកពីសហគមន៍មានទំនាស់ដីធ្លីចំនួន០៤ បានមកប្រមូលផ្តុំគ្នាតវ៉ាទាមទារយុត្តធម៌ដីធ្លី នៅមុខសាលាខេត្តកោះកុង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីស្នើដល់ លោកស្រី​ មិថុនា​ ភូថង​ អភិបាលខេត្តកោះកុង និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធឲ្យជួយដោះស្រាយលើវិបត្តិដីធ្លីរាំរ៉ៃ​ និងទាមទារសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជូនពួកគាត់វិញ​។

តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ពលរដ្ឋរងគ្រោះដីធ្លី នៅតាមសហគមន៍ដីធ្លីទាំង០៤ ដែលបានចូលរួមទាមទារយុត្តិធម៌ខាងលើនេះ​ ​រួមមាន​៖​ សហគមន៍ ១៩៧គ្រួសារ​ ឃុំខលេី​ ស្រុកស្រែអំបិល,​ សហគមន៍​ ១៧៥​គ្រួសារ​ ឃុំជីខក្រោម​ ស្រុកស្រែអំបិល,​ សហគមន៍ ៨៤៣គ្រួសារ​ ស្រុកបូទុមសាគរ,​ និងសហគមន៍ ៧៦៦គ្រួសារ​ ឃុំដងពែង​ ស្រុកស្រែអំបិល​ សរុបមានចំនួន៖ ១,៩៨១គ្រួសារ/នាក់។

តំណាងពលរដ្ឋបន្តទៀតថា ប្រជាពលរដ្ឋជិត ០២ពាន់គ្រួសារខាងលើនេះ បានរងគ្រោះបាត់បង់សិទ្ធិមានកម្មដីធ្លី​ ដោយសារតែក្រុម​ហ៊ុន លោកឧកញ៉ា​ លី​ យ៉ុងផាត់​,​ ក្រុមហ៊ុនលោកឧកញ៉ា​ ហេង​ ហ៊ុយ​ និងក្រុមហ៊ុនចិន បានធ្វើសកម្មភាពរំលោភយកដីធ្លី របស់ប្រជាពលរដ្ឋពួកគាត់ទាំងបំពាន បណ្រាលឲ្យពួកគាត់បាត់បង់ និងប៉ះពាល់ដល់ជីវភាពរស់នៅ , សិទ្ធិមានចំណីអាហារហូបគ្រប់គ្រាន់​, សិទ្ធិលំនៅឋានផ្ទះសម្បែង​សមរម្យ, សិទ្ធិរស់រានមានជីវិត​ និង សិទ្ធិទទួលបានការអប់រំ​ជាដើម។

ត្រង់ចំណុចនេះ តំណាងពលរដ្ឋបន្តថា ជារួមសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់ទាំង ០៤សហគមន៍ ត្រូវរង់ការរំលោភយ៉ាងធ្ងន់ធ្ងរតាំងពីឆ្នាំ២០០៦ បន្តមករហូតដល់ពេលឆ្នាំ២០២០នេះ នៅមិនទាន់ត្រូវបានថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាលជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋពួកគាត់នៅឡេីយទេ។

យ៉ាងណាក៏ដោយចុះ គិតត្រឹមល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ មិនទាន់មានការឆ្លើយតបបែបណាពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ឬឈានដល់មានពន្លឺយុត្តិធម៌ដីធ្លីនៅឡើយទេ។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋទាំង ០៤សហគមន៍ បានអះអាងថា នឹងបន្តប្រមូលផ្តុំគ្នាឡើងទៅតវ៉ាទាមទារយុត្តិធម៌ដីធ្លីនេះ ដល់មុខផ្ទះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ ជាបន្តទៀតនៅថ្ងៃខាងមុខដ៏ឆាប់នេះ៕

អត្ថបទដែលជាប់ទាក់ទង