ផ្ទុះឃ្លាំងមួយកន្លែងនៅប្រទេសលីបង់ ស្លាប់និងរបួសមនុស្សជាង៤ពាន់នាក់

ប្រទេសលីបង់៖ សារព័ត៌មាន BBC ចេញផ្សាយ កាលពីព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ ដោយបានដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាល ប្រទេសលីបង់ មកចុះផ្សាយថា សំឡេងផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅជាប់តំបន់ឆ្នេរ នៃរដ្ឋធានីបេរូត បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាង ៤ពាន់នាក់។

សំឡេងផ្ទុះ បានបង្ហាញពីផ្សែងដ៏ខ្មៅងងឹតនៅលើលម្ហមេឃគួរឲ្យខ្លាច អមដោយសំឡេងផ្ទុះដ៏កក្រើកជាបន្តបន្ទាប់ នៅតំបន់កំពង់ផែ នៃរដ្ឋធានី របស់ប្រទេសលីបង់។

មន្ត្រីប្រទេសលីបង់ បានអះអាងថា សំឡេងផ្ទុះ បានកើតចេញពីឃ្លាំងស្តុកសារធាតុ ដែលផ្ទុះឆេះ ត្រូវបានគេរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយ។

ទាក់ទិនហេតុការណ៍នេះ ប្រធានាធិបតីលីបង់ លោក មីឈែល អាអូន (Michel Aoun) បានបង្ហោះសារនៅលើគណនី Twitter របស់ផ្ទាល់ខ្លួន លោកថា “វាជារឿងមិនអាចទទួលយកបាននោះទេ ដែលសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ត្រូវបានទុកដាក់នៅទីនោះ ដោយគ្មានការរក្សាសុវត្ថិភាព”។

បន្ថែមលើនេះ ប្រធានាធិបតីលីបង់ ក៏បានប្រកាសបញ្ចេញកញ្ចប់ថវិកា ៦៦លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហា ក្នុងគ្រាមានអាសន្ននេះ ជាពិសេសគឺការព្យាបាលអ្នករងរបួសរាប់ពាន់នាក់។

ដោយឡែក ក្រុមស៊ើបអង្កេតលីបង់ នៅតែបន្តការតាមដាន និងប្តេជ្ញាយកជនបង្ករឿងនេះ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង